ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ដាក់បទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤មិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួនទៀតឡើយ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រសាសន៍ណែនាំយ៉ាងមុឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។

លោក ឃួង ស្រេង បានដាក់បទបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោយពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាម។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន១០ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឱ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះនៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឱ្យមានទៀតទេ។ 

    លោកឃួង ស្រេង បានបន្តទៀតថា តាមជុំវិញផ្សារ សាលារៀន គឺមិនអោយមានដាច់ខាតចំពោះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺត្រូវតែបង្រ្កាបភ្លាមតែម្តង។

បន្ថែមពីនេះទៀត លោកឃួង ស្រេង បានជំរុញអោយបន្តបង្កេីត​ Group Telegram ក្រុមការងារត្រួតពិនិត្យ​និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅរាជធានីភ្នំពេញ​ ដោយក្រុមការងារនេះត្រូវមានរបាយការណ៍ប្រចាំថ្ងៃជូនអភិបាលរាជធានីភ្នំពេញ។ ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ និងខណ្ឌទាំង១៤​ ត្រូវរៀបចំប្រជុំបន្ទាន់​ ដេីម្បីដាក់ផែនការចុះត្រួតពិនិត្យលិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ​ ទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាពត្រូវបិទជាបន្ទាន់​ ទីតាំងដែលមានអាជ្ញាបណ្ណពី​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​ តែគ្មានលិខិតអនុញ្ញាតទីតាំងក៏ត្រូវបិទ​ទីតាំងដែលនៅសល់សុពលភាព លិខិតអនុញ្ញាតទីតាំង​ ត្រូវរង់ចាំដល់ផុតសុពល​ភាព រួចចុះបិទដែរ បញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតទីតាំង​ និងចេញលិខិតអនុញ្ញាតទីតាំងថ្មី​។

សូមបញ្ជាក់ថា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះសម្ដេចបានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញនិងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។ ក្នុងន័យនេះសម្ដេចនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាប័ណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕

ដោយ ៖ សំរិត


ចែករំលែក៖