ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​-អូស្ត្រាលី​៖​ ទុន​វិនិយោគ​នៅ​កម្ពុជា​កើនឡើង​ជិត ១ពាន់​លាន​ដុល្លារ​ប្រៀបធៀបពីរឆ្នាំ​ចុងក្រោយនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងជំនួបជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី​ អនុប្រធាន​ទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បាន​បញ្ជាក់​ថា ទុន​វិនិយោគ​នៅ​កម្ពុជា​បាន​កើន​ឡើង​ជិត ១ ពាន់លាន​ដុល្លារ​បើធៀប​ឆ្នាំ ២០២៣ ទៅ​ឆ្នាំ ២០២២ ខណៈនៅ​ឆ្នាំ ២០២៤ កម្ពុជា​រំពឹង​នឹង​ទទួល​កំណើន​ការ​​វិនិយោគ​បន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។

លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បាន​លើក​ឡើង​កាលពីថ្ងៃទី​១៤​ ខែកុម្ភៈ​ម្សិលមិញនេះ​ថា កាលពីឆ្នាំ២០២៣កន្លងទៅ​ កម្ពុជាទទួលគម្រោងវិនិយោគចំនួន ២៦៨ ដែលមាន​ទុន​វិនិយោគ​ប្រមាណជិត ៤,៩ ពាន់លានដុល្លារអាមេរិក កើនឡើងបើធៀបទៅឆ្នាំ២០២២ ដែលទទួលបានប្រមាណជិត ៤ ពាន់លានដុល្លារអាមេរិក។

លោក​អនុប្រធាន​ទី១ CDC  ក៏​បានលើកពី​​សន្ទុះ​កើន​ឡើង​គម្រោង​វិនិយោគនៅ​កម្ពុជា​នៅ​ដើម​ឆ្នាំ ២០២៤។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាទទួលបាន ៣២ គម្រោងច្រើនជាង ២ ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣ កន្លងទៅ។

លោកឧបនាយករដ្ឋមន្ត្រី​​ បាន​អះអាងថា កម្ពុជារំពឹងនឹង​ទទួល​បាន​គម្រោងវិនិយោគកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។

ក្នុងគោលបំណងដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន បើតាមលោកឧបនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។ បន្ថែមពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណងក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៃថាមពលសរុប ត្រឹមឆ្នាំ២០៣០។

បន្ថែមពីនេះ​ លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល នៅ​ចំពោះមុខ​លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក៏បាន​បង្ហាញ​ពីវឌ្ឍនៈភាព​គម្រោង “ព្រែកជីកហ្វូណនតេជោ” ដែល​នឹង​បង្កើន​ការ​ទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា ជាពិសេសក៏​នឹងក្លាយជាគម្រោងព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលខាងមុខនេះផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖