ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ទុនវិនិយោគនៅកម្ពុជាបានកើនឡើងជិត ១ ពាន់លានដុល្លារបើធៀបឆ្នាំ ២០២៣ ទៅឆ្នាំ ២០២២ ខណៈនៅឆ្នាំ ២០២៤ កម្ពុជារំពឹងនឹងទទួលកំណើនការវិនិយោគបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈម្សិលមិញនេះថា កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទុនវិនិយោគប្រមាណជិត ៤,៩ ពាន់លានដុល្លារអាមេរិក កើនឡើងបើធៀបទៅឆ្នាំ២០២២ ដែលទទួលបានប្រមាណជិត ៤ ពាន់លានដុល្លារអាមេរិក។
លោកអនុប្រធានទី១ CDC ក៏បានលើកពីសន្ទុះកើនឡើងគម្រោងវិនិយោគនៅកម្ពុជានៅដើមឆ្នាំ ២០២៤។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាទទួលបាន ៣២ គម្រោងច្រើនជាង ២ ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣ កន្លងទៅ។
លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជារំពឹងនឹងទទួលបានគម្រោងវិនិយោគកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។
ក្នុងគោលបំណងដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន បើតាមលោកឧបនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។ បន្ថែមពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណងក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៃថាមពលសរុប ត្រឹមឆ្នាំ២០៣០។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅចំពោះមុខលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក៏បានបង្ហាញពីវឌ្ឍនៈភាពគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងបង្កើនការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា ជាពិសេសក៏នឹងក្លាយជាគម្រោងព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលខាងមុខនេះផងដែរ៕
ដោយ៖ តារា