ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងលក់ដូរមួយកន្លែងធ្វើឱ្យប៉ះពាល់សោភណភាពក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ទីតាំងលក់ដូវមួយកន្លែងគេតែងសង្កេតឃើញយកមកដាក់តាំងលក់ទាំងយប់ទាំងថ្ងៃនៅនឹងបង្គោលប៉ាណូខ្លោងទ្វារស្វាគមន៍ខេត្តកំពង់ឆ្នាំង ការដាក់តាំងលក់ដូរមួយនេះបានរងការរិះគន់ពីសំណាក់ភ្ញៀវទេសចរនិង អ្នកធ្វើដំណើរ ធ្វើឱ្យប៉ះពាល់ដល់សោភណភាពនិងបរិស្ថានក្រុងកំពង់ឆ្នាំង។ 

  កន្លែងលក់ដូរមួយនេះមិននៅឆ្ងាយណាស់ណានោះទេ គឺនៅកណ្តាលក្រុងកំពង់ឆ្នាំងជាប់នឹងរបងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលករណីនេះគេសង្កេតឃើញថាបានដាក់លក់តាំងពីយូរណាស់មកហើយ ។ បើទោះបីខ្លោងទ្វារស្វាគមន៍ខេត្តកំពង់ឆ្នាំងដែលអាជ្ញាធរខេត្តបានដាក់ស្អាតយ៉ាងណានោះក៏ត្រូវបាត់បង់សោភណភាពដែរ ដោយការលក់ដូរនៅទីនេះ បានដាក់ទាំងយប់ទាំងថ្ងៃព័ទ្ធជុំវិញ សសរខ្លោងទា្វរ  ។

  ប្រជាពលរដ្ឋបានលើកឡើងថា នៅតាមកន្លែងមួយចំនួនក្នុងក្រុងកំពង់ឆ្នាំងមានសោភណភាពបានល្អប្រសើរហើយ ប៉ុន្តែកន្លែងមួយនេះបានធ្វើឱ្យរងការរិះគន់ ពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់ក្រុងកំពង់ឆ្នាំងជាញឹកញាប់ផងដែរ  ។

  ពាក់ព័ន្ធនឹងករណីនេះ លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា កន្លងមកអាជ្ញាធរក្រុងធ្លាប់បានធ្វើការណែនាំជាច្រើនដងមកហើយ តែអ្នកលក់ដូរនៅទីតាំងនេះមិនបានស្តាប់ការណែនាំរបស់អាជ្ញាធរនោះទេ នៅតែដាក់លក់អនាធិបតេយ្យដែលបង្កការប៉ះពាល់ដល់សោភណភាពរបស់ក្រុងជាខ្លាំង ។ 

  លោកអភិបាលក្រុងក៏បានស្នើឱ្យសួរទៅខាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថផងដែរ ព្រោះការលក់ដូរនេះគឺនៅជាប់នឹងរបងកងរាជអាវុធហត្ថខេត្ត ។ 

  យោងតាមប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា អ្នកលក់ដូរនេះដែលមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុង គឺគាត់មានសាច់ញាតិនៅក្នុងកងរាជអាវុហត្ថនេះ ដូចនេះបានជារាល់ការណែនាំរបស់អាជ្ញាធរក្រុងពុំសូវមានប្រសិទ្ធភាពនោះ ។

  ពាក់ព័ន្ធនឹងករណីនេះ លោក សាក់ សារ៉ាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងពុំអាចទាក់ទងសុំការបញ្ជាក់បាននោះទេ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៤ នេះ៕

ដោយ៖ ចន្ថា


ចែករំលែក៖