ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុន នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូ ជុង បាននិយាយថា មិនមានឧបសគ្គរារាំងមិនឱ្យកូរ៉េខាងជើង មានទំនាក់ទំនងជិតស្និទ្ធជាមួយជប៉ុនទេ ហើយក៏អាចនឹងមានថ្ងៃណាមួយដែលលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរ។
លោក Fumio Kishida ដែលប្រទេសរបស់លោកមិនមានទំនាក់ទំនងផ្លូវការជាមួយកូរ៉េខាងជើង កាលពីពេលថ្មីៗនេះបានលើកឡើងពីលទ្ធភាពជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហាពលរដ្ឋជប៉ុន ត្រូវបានចាប់ពង្រត់ដោយចារកម្មកូរ៉េខាងជើង អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។
ជុំវិញការលើកឡើងរបស់លោក Kishida នេះដែរ នៅក្នុងសេចក្ដីរាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា អ្នកនាង គីម យ៉ូជុង ដែលជាអនុប្រធាននាយកដ្ឋាននៃគណបក្សពលករ បាននិយាយថាការអត្ថាធិប្បាយរបស់លោក Kishida អាចត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមាន ប្រសិនបើទីក្រុងតូក្យូពិតជាចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំង២ មែននោះ។
អ្នកនាង គីម យ៉ូជុង បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើជប៉ុន…ធ្វើការសម្រេចចិត្តខាងនយោបាយមួយដើម្បីបោះជំហានថ្មីមួយ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក នោះជាទស្សនយល់ឃើញរបស់ខ្ញុំ ប្រទេសទាំង២អាចបើកទំព័រអនាគតថ្មីមួយ»។
រដ្ឋាភិបាលជប៉ុន ក៏បានទទួលដឹងឮពីការអត្ថាធិប្បាយរបស់អ្នកនាង គីម យ៉ូជុងដែរ តែមិនបានធ្វើអត្ថាធិប្បាយឆ្លើយតបអ្វីនោះទេ ខណៈ ដែលអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi នៅតែបញ្ជាក់ថា ជប៉ុនមិនអាចទទួលយកបានឡើយចំពោះគោលជំហររបស់កូរ៉េខាងជើងដែល ថាបញ្ហាចាប់ពង្រត់ជនជាតិជប៉ុនត្រូវបានដោះស្រាយរួចហើយនោះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖