ភ្នំពេញ ៖ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្របកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ដើម្បីទទួលបានជោគជ័យក្នុងការងារប្រកបដោយចីរភាព យើងត្រូវមានការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ការតាមដាន ត្រួតពិនិត្យការងារ មិនមែនជាការចាំចាប់កំហុសនោះទេ ប៉ុន្តែ ការតាមដានត្រួតពិនិត្យ គឺជាការជួយជ្រោមជ្រែងផ្តល់យោបល់ដើម្បីឱ្យការងារនោះទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមពង្រឹងការងារ ការតាមដានត្រួតពិនិត្យ ត្រូវធ្វើឡើងឱ្យបានជាប់ជាប្រចាំ មិនមែនធ្វើ១ឆ្នាំ២ដងនោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ទី១.ផ្ដោតជាសំខាន់ លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន ទី២.ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការកែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការធ្វើ បដិវត្តន៍(ការកែប្រែ, ការផ្លាស់ប្ដូរ)នោះទេ តែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា(មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ)ពីត្រឹមតែជាមន្ត្រីជំនួយការ ទៅជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិ បាល ដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេញសិទ្ធិដែរ ៕
ដោយ ៖ សិលា