ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនពិរុទ្ធជនម្នាក់​ តាមអំណាចតុលាការ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

  ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ ពិរុទ្ធជនម្នាក់​ ត្រូវ​ជាប់​ចោទ​ពី​បទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​តាមដីកាបង្គាប់ឱ្យចាប់របស់តុលាការ​។ 

ប្រភពដដែលបន្តថា​ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំណុចក្រុមទី០១ ភូមិ ហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក​ សុខ​ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៤៨ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ របស់លោក លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ សឿត សារិន ហៅវែង ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិអន្លង់រុនឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំនុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

 បច្ចុប្បន្ន នៅព្រឹកថ្ងៃ​ទី២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖