ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញ បានធ្វេីការបង្ហាញមុខក្រុមចោរលួច និងអ្នកទទួលផលចោរកម្មម្នាក់ ជាសាធារណៈនិងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣៥នាទី ត្រង់ចំណុចមុខវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកង់បីឥណ្ឌា)។
ជនសង្ស័យទាំង២នាក់ រួមមាន ទី១៖ឈ្មោះ អ៊ុល ប៊ុននឿន អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល បន្ទប់លេខ១ ភូមិតេភ្នា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងទី២៖ឈ្មោះ ស៊ន សុខហេង អាយុ២៣ឆ្នាំ ស្នាក់នៅភូមិតេភ្នា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ក្នុងនោះដកហូតបាន កង់បីឥណ្ឌាចំនួន១គ្រឿង ពណ៌ស ពាក់ស្លាកលេខព្រៃវែង1O-5956, ម្សៅក្រាមស ចំនួន១កញ្ចប់ និងសម្ភារមួយចំនួនទៀត។
ក្រោយសួរនាំ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យទាំង២នាក់ បានចង្អុលបង្ហាញជនសង្ស័យម្នាក់ទៀត ដែលទទួលផលចោរកម្ម (ទិញPassApp) កម្លាំងជំនាញបានទៅដល់ចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឃើញ និងឃាត់ជនសង្ស័យចំនួន១នាក់បន្ថែមទៀត ឈ្មោះ វ៉ា ប៊ុនថា អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៨ ភូមិតេភ្នា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ក្នុងនោះកម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន១គ្រឿង ម៉ាក Smash 110 ពណ៌ខ្មៅលាយខៀវ (មិនប្រក្រតី បែកគ្រាប់សោ), កាំបិតខ្លី ចំនួន១ដើម, ច្រវ៉ាក់ខ្លី ចំនួន១ខ្សែ, សោរម៉ូតូចំនួន១ និងមេសោចំនួន១។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង នៅព្រឹកថ្ងៃទី០៨ ខែមីនានេះ បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ តារា