ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖រាជរដ្ឋាភិបាល កំពុងរៀបចំផែនការក្នុងការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ផែនការសម្រាប់ពង្រឹងវិស័យសុខាភិបាលរួមមាន៖
១- ការពង្រឹងការជ្រើសរើសគ្រូពេទ្យ ត្រូវបំពេញឱ្យត្រូវជំនាញ ថែររក្សាឱ្យនៅធ្វើការ ដើម្បីធានាបំពេញនិរន្តរភាព និងចីរភាព
២- ការពង្រឹងគុណភាពថ្នាំ និងបរិក្ខារពេទ្យ ឱ្យមានគ្រប់គ្រាន់ទៅតាមតម្រូវការតាមមណ្ឌលសុខភាព ជាពិសេសនៅតំបន់ដាច់ស្រយាល
៣- ការពង្រឹងប្រព័ន្ធសេវាបញ្ជូន GMS
៤- ការពង្រឹងទំនើបកម្ម និងពិពិធកម្ម សមត្ថភាពព្យាបាលជំងឺកម្រិតខ្ពស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កូវីដ-១៩ អាចឱ្យកម្ពុជាវាយតម្លៃលើស្ថានភាពពីរចំពោះវិស័យសុខាភិបាលកម្ពុជា ក្នុងនោះទី១ បង្ហាញឱ្យឃើញនូវសមត្ថភាពជាក់ស្ដែងរបស់មន្រ្ដីបុគ្គលិកសុខាភិបាល និងគ្រូពេទ្យនូវទូទាំងប្រទេសអំពីសមត្ថភាពជាក់ស្ដែងដែលជាកងទ័ពអាវសរបស់កម្ពុជា។ ទី២ បង្ហាញឱ្យឃើញនូវកម្រិតកង្វះខាតមួយចំនួនដូចជាធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និងជំនាញនៃការប្រើប្រាស់សម្ភារៈជាដើម។ សម្ដេចបន្តថា សរុបមកកូវីដ-១៩ អាចឱ្យយើងឃើញទាំងចំណុចខ្លាំង និងខ្សោយរបស់វិស័យសុខាភិបាលរបស់កម្ពុជា ៕
ដោយ ៖ សិលា