ភ្នំពេញ ៖ ជំងឺមហារីកបំពង់អាហារ គឺជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការរបស់បំពង់អាហារ បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក (Esophageal cancer) នៃបំពង់អាហារ។
១) តើមានមូលហេតុអ្វីខ្លះដែលអាចបណ្តាលអោយកើតមានឡើងនៃដុំមហារីកនេះ?
កត្តាប្រឈមដែលអាចបង្កអោយមានដុំមហារីកនេះកើតមានបានមានដូចជា៖
– ការពិសារបារី រយៈពេលវែង
– បរិភោគសុរាច្រើនហួសកំរិត
– ជំងឺច្រាលជាតិអាស៊ីតរបស់ក្រពះ និងរលាកបំពង់អាហាររ៉ាំរ៉ៃដោយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្រ្ត (GERD)។
– អាយុច្រើន (លើសពី ៥៥ ឆ្នាំ)
– ភេទ ប្រុស
– ការទទួលទានចំណីរអាហារមិនសមស្រប
– និង កក្តាតំណរពូជ (Genetic) ។ ល។
២) តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?
យើងតែងតែសង្កេតឃើញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ គឺមានរោគសញ្ញាដូចជា៖
– អួលណែន និងពិបាកលេបអាហារចូល (ដំបូង អាហាររឹង បន្ទាប់មករាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ) ។
– ឈឺចុកចាប់ នៅពេលបរិភោគអាហារ
– ក្អូតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច
– មានការចុកណែនអួល ក្នុងដើមទ្រូង
– មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម
– ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃ
– មិនចង់ទទួលទានអាហារ និងធុំសាច់
– ស្រកទម្ងន់ខ្លាំងខុសពីធម្មតា
– ពេលខ្លះវាក៏អាចបណ្តាលអោយមានការហូរធ្លាក់ឈាមផងដែរ។ល។
៣) ការព្យាបាល៖
ការព្យាបាលជំងឺដុំមហារីកបំពង់អាហារនេះ គឺត្រូវទាមទារអោយមានការចូលរួម ពីសំណាក់ក្រុមវេជ្ជបណ្ឌិតច្រើនមុខជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិភាក្សារិះរកវិធីមួយដែលល្អបំផុតសំរាប់អ្នកជំងឺ ទើបការព្យាបាលអាចមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅ ក្នុងនោះមាន៖
– ក្រុមវេជ្ជបណ្ឌិតផ្នែក ថ្លើម ក្រពះ ពោះវៀន
– ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់
– ក្រុមវេជ្ជបណ្ឌិតផ្នែកជំងឺមហារីក
– និងក្រុមវេជ្ជបណ្ឌិតផ្នែករូបភាពវេជ្ជសាស្ត្រ ។
– សំខាន់ជាងនេះទៅទៀតក្រុមគ្រួសារអ្នកជំងឺនិងអ្នកជំងឺផ្ទាល់ ក៏ត្រូវចូលរួមក្នុងការធ្វើការសំរេចចិត្តផងដែរ ។
ជំរើសជាច្រើននឹងត្រូវបានលើកឡើង ផលប្រយោជន៏ និងផលវិបាក នៃជំរើសនិមួយៗត្រូវបានពន្យល់និងធ្វើការពិភាក្សាជាមួយអ្នកជំងឺ និងក្រុមគ្រួសារ ។ ការសំរេចត្រូវតែមានការព្រមព្រៀងពីអ្នកជំងឺនិងក្រុមគ្រួសារ។
ទោះជាយ៉ាងណា ប្រសិទ្ធិភាពនៃការព្យាបាលជំងឺមហារីកបំពង់អាហារគឺមានកម្រិត ដោយភាគច្រើននៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យគឺមានសភាពធ្ងន់ធ្ងរ ដែលជាហេតុនៃការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ (អ្នកជំងឺមកជួបគ្រូពេទ្យយឺតពេល) ។ ការព្យាបាលដែលមានប្រសិទ្ធិភាពបំផុតគឺត្រូវធ្វើនូវដំណាក់កាលដំបូង ដែលអ្នកជំងឺមិនទាន់មានលេចចេញជារោគសញ្ញា ។ ការឆ្លុះក្រពះគឺជាវិធីសាស្រ្តតែមួយគត់ដែលអាចអោយយើងដោះស្រាយបញ្ហានេះបាន ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា