ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអំពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះនៅសាលប្រជុំសាលាខេត្ត លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងលោកបណ្ឌិត ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកក្នុងវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអំពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដែលត្រូវបានសហការរៀបចំដោយ ក្រុមការងារជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។ 

គោលបំណង នៃវគ្គបណ្តុះបណ្តាល គឺផ្តល់ការណែនាំ និងនីតិវិធីក្នុងចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជូនដល់មន្រ្តីបង្គោលជំរឿនក្រុង ស្រុក សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ សំដៅធ្វើយ៉ាងណា៖ 

-កំណត់ចំនួនពិតប្រាកដរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់ សំណុំឯកសារ និងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ដែលនៅមានប្រតិបត្តិការ និងបញ្ឈប់ប្រតិបត្តិការ

-សិក្សាអំពីស្ថានភាពនៃដំណើរការ វិស័យធ្វើប្រតិបត្តិការ ចំនួនបុគ្គលិក និងប្រភពថវិការបស់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។

-ពង្រឹងការអនុវត្តច្បាប់ និងការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគមនិង អង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចំពោះដំណើរការនៃជំរឿនខាងលើ នឹងត្រូវបានចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខនេះ៕

ដោយ ៖ សិលា


ចែករំលែក៖