សារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិកដែលបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនាថា ក្រុមឧទ្ទាមហ៊ូទី បានវាយប្រហារលើកប៉ាល់ស៊ីវិល និងនាវាចម្បាំងនៅក្នុងតំបន់សមុទ្រក្រហម យ៉ាងហោចណាស់ក៏៥០ដង ដែរចាប់តាំងពីការចាប់ផ្ដើមការវាយប្រហាររបស់ពួកគេកាលពីចុងឆ្នាំមុនមក។
ក្រុមហ៊ូទីមានអ៉ីរ៉ង់ជាមេកោយ បានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមអស់រយៈពេលជាច្រើនខែមកហើយ បើទោះជា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសដឹកនាំយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរួមគ្នា លើមូលដ្ឋានរបស់ក្រុមមួយនេះក្នុងប្រទេសយេម៉ែនម្ដងហើយម្ដងទៀត ក៏ដោយ។
ថ្លែងប្រាប់គណៈកម្មាធិការសេវាយោធានៃរដ្ឋសភាអាមេរិក ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Celeste Wallander បានគូសបញ្ជាក់ដូច្នេះថា «ក្នុងតំបន់ សមុទ្រក្រហម ក្រុមហ៊ូទីកំពុងបង្កផលប៉ះពាល់ដល់បណ្ដាញផ្លូវទឹកធ្វើពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក ជាមួយការវាយប្រហារយ៉ាងហោចណាស់ក៏៥០ដងដែរប្រឆាំងនឹងកប៉ាល់ដឹកទំនិញនិងនាវាចម្បាំង»។
ក្រុមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានចាប់ផ្ដើមវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហមនិងឈូងសមុទ្រ Aden ចាប់តាំងពី ខែវិច្ឆិកា ឆ្នាំមុនមក នៅក្នុងយុទ្ធនាការមួយដែលពួកគេអះអាងថា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕
ដោយ៖ ធីរីណា(រូបថត៖ minh họa)