ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC )លើកទី១៦ រវាងកម្ពុជា និងថៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៦ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Sutin KLUNGSANG រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះ ធ្វើឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែនរវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធ និងអង្គភាព រក្សាសន្តិសុខ របស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំ GBC លើកទី១៦ ដែលផ្តល់ការណែនាំ និង ទិសដៅបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់រវាងកងកម្លាំងប្រដាប់អាវុធទាំងពីរលើ គ្រប់កម្រិត ដើម្បីបង្កើនសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន។

កិច្ចប្រជុំ បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន។ ភាគីទាំងពីរ បានពិនិត្យ លទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលប្រគល់ភារកិច្ចដោយកិច្ចប្រជុំ GBC លើកទី១៥ ដែល ប្រព្រឹត្តទៅនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដូចជាកិច្ចសហប្រតិបត្តិការ លើការឆ្លងព្រំដែន បញ្ហាការងារ ការទប់ស្កាត់ការជួញដូរ និងបង្ក្រាបគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងយោធាកម្ពុជា និងអង្គភាពសន្តិសុខថៃនៅតាមតំបន់ព្រំដែន កសិកម្ម សុខភាពសាធារណៈ ការអភិវឌ្ឍន៍ គុណភាពជីវិត ការអប់រំ សាសនា និងវប្បធម៌។

កិច្ចប្រជុំបានទទួលស្គាល់ថា ភាគីទាំងពីរបានអនុវត្តតួនាទី ភារកិច្ចនៅតាមតំបន់ព្រំដែន ស្របតាមការ ណែនាំ និងវិធានការដែលបានកំណត់ឯកភាពក្នុងកិច្ចប្រជុំ GBC លើកទី១៥ ហើយបានឯកភាពជំរុញឱ្យភាគី ទាំងពីរបន្តការងាររក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ស្របតាមការណែនាំ និង វិធានការដែលបានកំណត់ឯកភាពក្នុងកំណត់ហេតុកិច្ចប្រជុំលើកទី១៦ លើគ្រប់វិស័យ។

កិច្ចប្រជុំបានពិចារណាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការបន្តទិសដៅអនុវត្តការងាររួមគ្នា ក៏ ដូចជាបំពេញបន្ថែមកិច្ចសហប្រតិបត្តិការលើការដោះមីននៅតាមតំបន់ព្រំដែន ការដោះស្រាយបញ្ហាបំពុលផ្សែង ឆ្លងដែន ការរត់ពន្ធអាវុធ និងបញ្ហា Call Center។ ភាគីទាំងពីរបានឯកភាពរក្សា និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខតាមព្រំដែនគ្រប់កម្រិតជាប្រចាំ ដើម្បីធានាបាននូវសន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ដែលជាកត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។

ភាគីថៃនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ GBC កម្ពុជា-ថៃ លើកទី១៧ ហើយនឹងជូនដំណឹងដល់ភាគីកម្ពុជា អំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំនេះ៕

ដោយ​៖ តារា​


ចែករំលែក៖