ខេត្តស្វាយរៀង៖ តំណាងលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀង ប្រគល់ជូនលោក វរសេនីយ៍ត្រី អ៊ុក សុីតែន ដែលមានជំងឺ។
ជាក់ស្ដែង នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀង នូវទឹកប្រាក់ចំនួន៤,៣៩៥,០០០រៀល ប្រគល់ជូនលោក វរសេនីយ៍ត្រី អ៊ុក សុីតែន នាយរងការិយាល័យសណ្តាប់ឆ្នាប់និងអន្តរាគមន៍ មន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
លោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ថវិកាមូលនិធិដែលទទួលបាននាពេលនេះគឺបានមកពីការចូលរួមតាមសទ្ធាជ្រះថ្លារបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលត្រូវបានបង្កើតឡើងតាមការណែនាំនិងយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយអនុវត្តន៍ស្របទៅតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ក្នុងឱកាសនេះលោក វរសេនីយ៍ឯក ឡឹក ចំរើន បានពាំនាំនូវក្តីនឹករំលឹកព្រួយបារម្ភពីសំណាក់លោក ឧត្តមសេនីយ៍ មេបញ្ជាការ ដល់លោក វរសេនីយ៍ត្រី និងក្រុមគ្រួសារ និងសូមជូនពរឱ្យបានឆាប់ជាសះស្បើយពីជំងឺ ដើម្បីចូលបម្រើការងារក្នុងអង្គភាពវិញ។
លោក វរសេនីយ៍ត្រី អ៊ុក សុីតែន បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង ក្រោមឱវាទទាំងអស់ សូមជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ សុថាន