កាលពីថ្ងៃទី 22 ខែមីនា ទីភ្នាក់ងារការពារតៃវ៉ាន់បានរកឃើញយន្តហោះយោធាចិនចំនួន 36 គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន6គ្រឿងនៅជុំវិញកោះនេះក្នុងរយៈពេល 24 ម៉ោងកន្លងមក។ នេះជាចំនួនខ្ពស់បំផុតដែលបានកត់ត្រាតាំងពីដើមឆ្នាំ។
ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង៦៖០០ព្រឹក ថ្ងៃសុក្រនេះ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានអះអាងដែរថា ខ្លួនប្រទះឃើញនាវាចម្បាំងចិន៦គ្រឿងនៅក្បែរកោះតៃវ៉ាន់ រីឯក្នុងចំណោមយន្ដហោះចម្បាំងទាំង៣៦គ្រឿងខាងលើ មាន១៣គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ ការប្រកាសនៅថ្ងៃសុក្រនេះ កើតមានឡើងខណៈចិនកំពុងបង្កើនការធ្វើសកម្មភាពយោធា ដោយកាលពីម៉ោង១០៖៣០នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍ យន្ដហោះចម្បាំងចិន ២០គ្រឿង យន្ដហោះដ្រូន និងយន្ដហោះដឹកជញ្ជូនត្រូវបានប្រទះឃើញក្បែរកោះតៃវ៉ាន់។
លើសពីនេះទៅទៀត វាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះចម្បាំងចិន ៣២គ្រឿងបានធ្វើសកម្មភាពក្បែរកោះតៃវ៉ាន់ គិតត្រឹមម៉ោង ៦៖០០ព្រឹក កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា។
ចាប់តាំងពីលោកស្រី Tsai Ing-wen ដែលបានបដិសេធការអះអាងអធិបតេយ្យរបស់ចិនលើតៃវ៉ាន់ ជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់មក ទីក្រុងប៉េកាំងបានបង្កើនការដាក់សម្ពាធទាំងយោធា និងនយោបាយលើដែនកោះមួយនេះ ហើយក៏បានព្រមានជារឿយៗដែរថានឹងប្រើប្រាស់កម្លាំងយោធាក្នុងករណីចាំបាច់៕ ដោយ៖ ធីរីណា
រូបថត៖ Reuters