ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី កាលពីរសៀលថ្ងៃទី២៦ ខែមីនាម្សិលមិញ នៅចំណុចភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភួន សុភា ហៅយេស ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់
-សម្ភារៈកែច្នៃសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-កាបូបលុយចំនួន ០១
-ប្រាក់ខ្មែរចំនួន ៥៤,៥០០៛ ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៤ និង០០នាទី នៅចំណុចក្រុមទីក្រុមទី៦ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចបានបន្តកិច្ច ប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ អាន ធូរធារ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
វត្ថុតាងឆែកឆេរយកបានរួមមាន ៖
-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕
ដោយ៖ តារា