ភ្នំពេញ ៖ «សហគមន៍ស្រូវនាងអំ»៖ សហគមន៍កសិកម្មទំនើបទី១ បានចាប់ផ្តើមចេញដំណើរហើយ! សហគមន៍កសិកម្មទំនើបចំនួន ៣ផ្សេងទៀត ក៏នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះនៅក្នុងខេត្តសៀមរាប កំពង់ចាម និងកំពង់ធំ ផងដែរ។ នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តថា ៖ ក្រោយពីបានប្រុងប្រៀបរៀបចំអស់រយៈកាលជាង ៣ខែ និងជួបប្រជុំធ្វើការជាមួយសហគមន៍ផ្ទាល់យ៉ាងហោចណាស់ ១០ដង រួចមក «សហគមន៍ស្រូវនាងអំ»បានក្លាយទៅជាសហគមន៍កសិកម្មទំនើបដំបូងគេបង្អស់ ដែលត្រូវបានបង្កើតឡើង និងគាំទ្រដោយផ្ទាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បណ្តុំកសិករចំនួនជិត ១០០គ្រួសារ ជាមួយនឹងផ្ទៃដីផលិតកម្មជាង ៨០០ហិកតា នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ទទួលបានកម្ចីឥណទានការប្រាក់ទាប ១០០% ពីធនាគារវីង ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្រោមការគ្រប់គ្រងដឹកនាំរួមរបស់សហគមន៍ និងមានការជួយជ្រោមជ្រែងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្ម។ សហគមន៍មួយនេះក៏នឹងទទួលបានការជួយគាំទ្រនានាពីស្ថាប័ន និងគម្រោងដៃគូសំខាន់ៗមួយចំនួនទៀត ដូចជា សហគ្រិនខ្មែរ ក្រុមហ៊ុនForte Insurance និងគម្រោងPCRL។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ធ្លាប់លើកឡើងថា ៖ តើអាចទេ ប្រសិនបើបុគ្គលដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម និងមានអ្នកតាមដានច្រើន យកប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ការគាំទ្រកសិករ និងកសិផលខ្មែរវិញ? តម្លៃជាសារវន្ត័នៃកិត្តិយស ដែលបានមកពីចំនួនអ្នកLike អ្នកShare និងអ្នកមើលច្រើន មិនមានតម្លៃស្មើនឹងឥទ្ធិពលវិជ្ជមានដែលបានផ្តល់ទៅដល់សង្គមជាតិរបស់យើងនោះទេ។
បង្កើតជាចលនាសង្គម ជួយចូលរួមគាំទ្រអប់រំ ឬក្លាយជាគំរូល្អដល់ការធ្វើតម្រាប់តាមពីសំណាក់ស្រទាប់យុវជន អ្វីក៏បានឱ្យតែជាប្រយោជន៍រួម។ មានរឿងជាច្រើននៅក្នុងវិស័យកសិកម្ម ដែលកំពុងតែមានការផ្លាស់ប្តូរជាវិជ្ជមានពីខាងក្នុងមកក្រៅ តែអ្វីៗត្រូវការពេលវេលា និងការចូលរួមឱ្យបានទូលំទូលាយ។ អម្រែកមួយនេះអាចនឹងធូរស្រាលជាងមុន ដើរបានលឿនជាងមុន និងឆាប់ដល់គោលដៅជាងមុន ប្រសិនបើយើងមិនរុញការទទួលខុសត្រូវដាក់គ្នា ហើយងាកមកជួយរកដំណោះស្រាយរួមដើម្បីជាតិ និងសង្គម។
លោកថា ៖ អរគុណដល់បងប្រុស Mech Seyha – មេរៀនអាជីវកម្ម ដែលបានលើកយកប្រធានបទមួយនេះមកជជែក និងអំពាវនាវឱ្យមានការងាកមកជួយគាំទ្រដល់កសិកផលក្នុងស្រុក ៕
ដោយ ៖ សិលា