ខេត្តពោធិ៍សាត់ ៖ កម្លាំងគណៈកម្មការសហគមន៍នេសាទ(ស្រីចឹក)បានបោះបង្គោលជ្រំដើម្បីដាក់កំប្លោកធ្វើជាជម្រកត្រីមេពូជ តាមព្រែកនៃអតីត(ឡូត៍នេសាទលេខ៦)។
ការងារបោះបង្គោលដាក់កំប្លោកនេះ ធ្វើឡើងនាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចព្រែកអមរ៉ា នៃដែនឡូត៍នេសាទលេខ៦ ជាកន្លែងអភិរក្សជលផល ស្ថិតនៅភូមិផាត់សណ្ដោង ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក ឌុក សុខា ប្រធានសហគមន៍នេសាទ(ស្រីចឹក)បានឱ្យដឹងថា សកម្មភាពបោះបង្គោលជ្រំក្នុងព្រែកជាកន្លែងអភិរក្សត្រីនេះ គឺដើម្បីជាជម្រកត្រីមេពូជក្នុងលំហទឹកនៃផ្ទៃបឹងទន្លេសាប។ ជាពិសេសទៀតនោះក៏សម្រាប់ការការពារសុវត្ថិភាពត្រីពីជនល្មើសផងដែរ ហើយការបោះបង្គោលជ្រំដាក់កំប្លោកនេះ មិនត្រឹមក្នុងព្រែកអមរ៉ានោះទេ ក្នុងដែនឡូត៍នេសាទអតីតលេខ៦ ផ្នែកខ្លះៗក៏ធ្វើដូចគ្នាដែរ។
សូមបញ្ជាក់ថា អតីតឡូត៍នេសាទលេខ៦នេះ ជាកន្លែងអភិរក្សត្រីមេពូជដ៏សម្បូរបែបសម្រាប់ខេត្តពោធិ៍សាត់។
លោកប្រធានសហគមន៍នេសាទ(ស្រីចឹក)ឱ្យដឹងទៀតថា សកម្មភាពគណៈកម្មការសហគមន៍នេសាទនេះ ក្រោមការឧបត្ថម្ភទាំងស្រុងពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទាំងកូនឈើ(បង្គោល)និងហូបចុក។ល។ សម្រាប់មន្ត្រីយាមកាមនៅកន្លែងនោះ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធជុំវិញអតីត(ឡូត៍នេសាទលេខ៦)ជាកន្លែងអភិរក្សធនធានជលផល ៕
ដោយ៖ ប៉ឹម ពិន