ខេត្តបន្ទាយមានជ័យ៖ ទីតាំងខារ៉ាអូខេពីរកន្លែងត្រូវបានកម្លាំងនគរបាលចម្រុះចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ កាលពីវេលាម៉ោង១ឈានចូលព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ គេឃើញវត្តមានផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងបានដឹកនាំកម្លាំងស្នងការដ្ឋាន និងក្រុងប៉ោយប៉ែតជាច្រើននាក់ ចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ B9.KTV និងក្លិបកម្សាន្តឡាំបូគីនី LAMBORGHINI ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រីរាប់រយនាក់។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនបានប្រាប់ថា ការចុះបង្ក្រាបខារ៉ាអូខេយីហោ B9.KTV និងក្លិបកម្សាន្តឡាំបូគីនីLAMBORGHINI ដោយមានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងនគរបាលក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី៥០នាក់ និងទីតាំងទី២-ក្លិបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី១២០នាក់។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ក្រោយចុះបង្ក្រាបហាងខារ៉ាអូរខេ និងក្លិបកម្សាន្ត២កន្លែងឃាត់ខ្លួនមនុស្សប្រុស.ស្រីជិត២០០នាក់ត្រូវឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនធ្វើតេស្ត បើរកឃើញសារធាតុញៀននិងមានប្រើប្រាស់គ្រឿងញៀនត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។
លោកបានបញ្ជាក់ថា ការចុះប្រតិបត្តិការបង្ក្រាបនឹងបន្តធ្វើរហូត បើស្រាវជ្រាវរកឃើញមានហាងខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនត្រូវមានវិធានការតាមច្បាប់តែម្ដង ៕
ដោយ ៖ វណ្ណា