ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួប សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ២៩៦នាក់ ទទួលបានអំណោយពី​សមាគម​កាយឫទ្ធិនារីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនាពេលខាងមុខនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិនារី​កម្ពុជា និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន​ក្រុម ប្រឹក្សា​មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា បានអញ្ជើញសួរ សុខទុក្ខ និងប្រគល់អំណោយ​ជូន​សមាជិក​មូលនិធិ​ត្រីចក្រ​យាន​កម្ពុជា​ ចំនួន២៩៦នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកមូលនិធិត្រី ចក្រយានកម្ពុជា លោក ឃួង ស្រេង ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្ត​យក​ចិត្ត​ទុក​ដាក់​ពី​សមាគម ដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ ដើម្បីជួយ​សម្រួល​ការ​លំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​នេះ។​លោក ឱ្យដឹងទៀតថា ការបង្កើតសមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការ​ចូលរួម​អនុវត្ត​ប្រព័ន្ធគាំពារសង្គម តាម រយៈការជួយសម្រាលទុក្ខលំបាក និងរួម​ចំណែក​គិតគូរ​អំពី​សុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យ​ទទួល​បាន​សេវា​សង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍ មុខរបរធាក់ ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នង ការសមាគមកាយឫទ្ធិនារីកម្ពុជាមាន​ប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះ​បណ្តាល​យុវតី-យុវនារីកម្ពុជា ឲ្យទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រា​ប់​ប្រើប្រាស់​ក្នុង​ជីវិតរស់នៅ និងអាច​បំពេញ​ការ ងារ​ក្នុង​សង្គម​បាន​យ៉ាង​ល្អប្រសើរ​បន្ថែម​ពី​នេះ​សមាគម ក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌​សង្គម​ដទៃ​ផ្សេង​ទៀត​ផង​ដែរ។ ជាក់ស្តែងនៅដើមឆ្នាំ២០២៤នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀប​ចំ​ឡើង​នូវក​​ម្មវិធីសប្បុរសធម៌នេះ ដើម្បីចែក រំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោម​ការ​ដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​សាលា​រាជ​ធានី​ភ្នំពេញ​។

អំណោយសម្រាប់ចែកជូនលោកអុំ លោកពូប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគម​មូល​និធិ​ត្រី​ចក្រយានកម្ពុជាចំនួន ២៩៦ នាក់នេះ ដោយក្នុងម្នាក់ៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី២​កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស,ភួយ-មុង-ខ្នើយកើយ ១ឈុត, ក្រមា១, មួក១, អាវ​យឺត១, អាវក្រណាត់១, ខោ ២, ស្បែកជើង១គូ, អាវភ្លៀង១, ដបទឹក១, ច្រាស​និង​ថ្នាំ​ដុស​ធ្មេញ​១​ឈុត, សាប៊ូដុសខ្លួន-កក់សក់១ឈុត, ថ្នាំពេទ្យ TYDA ១ឈុត, អាហារ១ កញ្ចប់ និង​ថវិកា​ចំនួន​៤០​ម៉ឺនរៀលបន្ថែមទៀត។

គួរបញ្ជាក់ថា លោកតា លោកអ៊ុំ អ្នកធាក់ស៊ីក្លូទាំង២៩៦ នាក់នេះ ក៏ទទួលបាន​ប្រាក់​ខែជា​រៀង​រាល់​ខែ ចំនួន២១ ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបានបីដង។ ក្រៅពី​ប្រាក់​ខែ​ក៏​មាន​បាក់​ឧបត្ថម្ភ​បុណ្យចូលឆ្នាំថ្មី៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ៥ម៉ឺន រៀលទៀត។ គួរបញ្ជាក់​ថា​មូល​និធិ​នេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើម​កំណើតតាំង​ពី​សម័យ​អាណា​និគមនិយមបារាំង៕

ដោយ៖ សូរិយា


ចែករំលែក៖