ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ លោក ដែន សូនី ជាផ្លូវការហើយ តើវាសនាបុគ្គលម្នាក់នេះទៅជាយ៉ាងណា?

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនត្រូវចោទ គឺ លោក ដែន សូនី ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនបុរសរហស្សនាម ដែន សូនី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿងប្រើអំពើហិង្សាដោយចេតនាលើនារីម្នាក់ដែលជាជនរងគ្រោះក្នុងបន្ទប់ស្នាក់នៅ ។

សូមជម្រាបថា ថ្មីៗនេះលើបណ្តាញសង្គមហ្វេសប៊ុកគេបានបង្ហោះឃ្លីបវីដេអូមួយផ្សាយតៗគ្នាយ៉ាងព្រោងព្រាត ករណីបរុសឈ្មោះ ដែន សូនី ប្រើអំពើហិង្សាវាយបោចសក់លើនារីម្នាក់យ៉ាងព្រៃផ្សៃ ហើយក៏មានមតិរិះគន់ជាច្រើនទៅលើឃ្លីបវីដេអូនោះ វាយប្រហារទៅលើបុរសដែន សូនី ទៀតផង ។ ករណីខាងលើនេះក៏បានជ្រាបព័ត៌មានដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាស្នងការជំនាញព្រហ្មទណ្ឌ បានចាត់វិធានការជាបន្ទាន់ដោយមិនអនុញ្ញាតឱ្យបុគ្គលនោះប្រព្រឹត្តអំពើហិង្សាលើស្រ្តីភេទបានរួចខ្លួនឡើយ ។

ដោយឃើញករណីកន្លងមក ធ្លាប់សម្ដែងហើយសុំទោសរួចខ្លួន ប៉ុន្តែលើកនេះអត់រួចខ្លួនទេ មុននេះលោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ម៉ម សាវន នាយការិយាល័យ បានធ្វើការឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះ លើហ្វេសប៊ុក DEN SONY) អាយុ៣៥ឆ្នាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ នេះមានការចែករំលែកពេញបណ្ដាញសង្គម ក្រោយបែកធ្លាយសារក្នុងឆាតនិងវីដេអូឃ្លីប ដែលត្រូវបានគេស្គាល់ថា លោក ដែន សូនី បានចូលក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាងក្រៅ រួចយកដៃវាយមុខជនរងគ្រោះចំមួយដៃ ប្រព្រឹត្តនៅចំណុច បន្ទប់ជួលលេខ ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។

ស្ត្រីរងគ្រោះមានឈ្មោះ សំ លក្ខណា អាយុ២៥ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធរឿងសម្ដែងហើយសុំទោសរួចខ្លួន ខាងលើនេះមហាជន ពិសេសអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកបានលើក ឡើងថា នៅប្ដីប្រពន្ធមួយគូពីរគូទៀត ពូកែសម្ដែងធ្វើជាឈ្លោះគ្នាតាមអនឡាញ អនាគតនៅតែសម្ដែងទៀត គួរចាប់បញ្ជូនទៅតុលាការដែរ ប្រហែលជាលែងហ៊ានសម្ដែងឈ្លោះគ្នាទៀតហើយ។

បច្ចុប្បន្នជនត្រូវចោទ ដែន សូនី ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖