ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូក្រសួងមុខងារសាធារណៈ ចែករំលែកអំពីការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ត្រៀមលក្ខណៈ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២

ចែករំលែក៖

ភ្នំពេញ ៖ ប្រតិភូក្រសួងមុខងារសាធារណៈ ចែករំលែកអំពីការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងចូលរួមកិច្ចប្រជុំរបស់អនុក្រុមទទួលបន្ទុកការងារកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់តុលាការ និងច្បាប់ អភិបាលកិច្ច និងសិទ្ធិមនុស្ស ដើម្បីត្រៀមលក្ខណៈ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ ។ នេះជាការបញ្ជាក់ពីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ 

លោក ឌុច ដារិន្ទ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានចូលរួមកិច្ចប្រជុំរបស់អនុក្រុមទទួលបន្ទុកការងារកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់តុលាការ និងច្បាប់ អភិបាលកិច្ច និងសិទ្ធិមនុស្ស ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះប្រារព្ធឡើងនៅទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្មនិងក្រសួងយុត្តិធម៌។

កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ចំនួន២ គឺ៖

ទី១. ការអភិវឌ្ឍសិទ្ធិមនុស្ស៖ សេរីភាពនយោបាយ និងលំហប្រជាធិបតេយ្យ, សេរីភាពក្នុងការបង្កើតសមាគម និងការជួបប្រជុំគ្នា, សេរីភាពនៃការបញ្ចេញមតិ, ប្រព័ន្ធផ្សព្វផ្សាយតាមឌីជីថល, លក្ខខណ្ឌការងារ និងសិទ្ធិការងារ, សមភាពយេនឌ័រ, ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ។

និងទី២. នីតិរដ្ឋ និងអភិបាលកិច្ចល្អ៖ សិទ្ធិទទួលបានយុត្តិធម៌ ការកាត់ក្តីដោយយុត្តិធម៌ កំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ, ក្របខ័ណ្ឌការបោះឆ្នោត និងកំណែទម្រង់រដ្ឋបាលសាធារណៈ និងវិមជ្ឈការ។

ទាក់ទងទៅនឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ លោក ឌុច ដារិន្ទ បានជម្រាបជូនអង្គប្រជុំពីតួនាទីដ៏សំខាន់របស់ក្រសួងមុខងារសាធារណៈ លើការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្របទៅតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានចំណុចសំខាន់ៗចំនួន៣ គឺ៖ 

១)-ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធ៌ម បរិយាប័ន្ន និងប្រសិទ្ធភាព។

២-ការពង្រឹងសមត្ថភាព និងសមិទ្ទកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។

និង ៣)-ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ទកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

ដោយ ៖ សិលា


ចែករំលែក៖