ខេត្តតាកែវ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សមត្ថភាពរបស់កម្ពុជាមិនត្រឹមតែអាចកសាងនូវអ្វីកាន់តែធំ កាន់តែល្អប្រសើរនោះទេ ប៉ុន្តែថែមទាំងកសាងដោយទឹកដៃកូនខ្មែរ ហើយនេះជាអ្វីដែលជាគោលការណ៍របស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ រាល់ការវិនិយោគ ការទាក់ទាញការវិនិយោគ និងការបណ្តុះបណ្តាលផ្សេងៗត្រូវផ្សារភ្ជាប់គ្នាពីការផ្ទេរជំនាញ ហើយការទាក់ទាញមកបន្ថែមទៀតដើម្បីធានាបង្កើតការងារ បង្កើនបច្ចេកវិទ្យា បង្កើនសមត្ថភាព និងម្ចាស់ការខ្លួនឯង ជាពិសេសនៅក្នុងវិស័យកសិកម្មនេះគឺសំខាន់ណាស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ថា៖ តែងចាត់ទុកវិស័យឯកជនជាដៃ គូសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតីបន្តថា ៖ រយៈពេល៣ខែថ្មីៗកន្លងមកនេះ CDC បាន អនុម័តសម្រេចឱ្យមានការបោះទុនវិនិយោគនៅកម្ពុជា បានជាង ១០៦ គម្រោង គិតជាទឹកប្រាក់មាន ចំនួនជាងពីរពាន់លានដុល្លារ និងផ្ដល់ឱកាសការងារជាងដប់ម៉ឺនកន្លែង ៕
ដោយ ៖ សិលា