ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កសិដ្ឋានផលិតទឹកគោនៅកម្ពុជា បានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស

ចែករំលែក៖

ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា គឺបានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ បញ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្រេសមីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី បានថ្លែងបន្តថា ៖ ទិន្នន័យនៃការនាំចូលទឹកដោះពីក្រៅប្រទេសចូលមកកម្ពុជា គិតជាប្រចាំឆ្នាំមានចំនួន ៩៨ ០០០ តោន ក្នុងមួយឆ្នាំ និងគិតជាថវិកាសរុបប្រមាណ ៧៤៤លានដុល្លារ។ ដូច្នេះហើយទើបក្មេងៗជំនាន់ក្រោយបានទទួលអាហាររូបត្ថម្ភគ្រប់គ្រាន់ ធ្វើឱ្យរាងកាយលូតលាស់បានល្អ កាយសម្បទាមាំមួន ពីព្រោះគុណភាពចំណីអាហារគឺសំខាន់ណាស់ ដោយការបរិភោគគ្រប់គ្រាន់នៅពីក្មេង នឹងផ្តល់ផលល្អនៅពេលចាស់។ 

បញ្ហារឿងនយោបាយជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីថា កម្ពុជាគ្មានហេតុផល ណាមួយអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួន ដូចការលើកឡើងរបស់បរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះឡើយ ដូច្នេះសូមកុំព្រួយបារម្ភចំពោះបញ្ហានេះបន្តទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់ថា ៖ រាជរដ្ឋាភិបាលមិនធ្វើអ្វីដែលវានាំឲ្យផ្ទុយជាមួយរដ្ឋធម្មនុញ្ញ របស់ខ្លួន នោះទេជាពិ សេសគឺបញ្ហាមូលដ្ឋានកងទ័ពបរទេសនេះតែម្តង ខណៈមានការចោទ ប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជា បានអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពជើងទឹកចិន។ ដោយករណីនេះគឺជារឿងមិនពិតនោះឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖