ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យគយគន់ណាស់..! ទិដ្ឋភាព​ហ្វូងកុកដ៏ច្រើនបានហោះហើរពេញផ្ទៃទឹកនៅតំបន់រ៉ាមសារស្ទឹងសែន

ចែករំលែក៖

    ភ្នំពេញ​ ៖​ រូបភាពដែលត្រូវគេថតបានពីទិដ្ឋភាពសត្វកុកដ៏ច្រើនលើសលុបកំពុងហើរយ៉ាងសក្បុសពាសពេញផ្ទៃទឹកនៅតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ។

   យោងតាមប្រភពពី​ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថា​ រូបភាពនេះថតបានដោយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំក្នុងពេលចុះល្បាត។

    គួរបញ្ជាក់ថា តំបន់រ៉ាមសារស្ទឹងសែនស្ថិតក្នុងខេត្តកំពង់ធំ ជាតំបន់មានសក្តានុពលមិនចាញ់ តំបន់រ៉ាមសារក្នុងខេត្តផ្សេងទៀតទេ។ តំបន់នេះ មានផ្ទៃដីទំហំ៩២៩៣ហិកតា  និងត្រូវបានចុះបញ្ជីនៅអំឡុង ឆ្នាំ ២០១៨។

តំបន់រ៉ាមស្ទឹងសែន មានព្រៃលិចទឹកដែលផ្ដល់ទីជម្រកសម្រាប់ពពួកសត្វស្លាបជាង៧៩ប្រភេទ ដូចជាស្មោញ ត្រដក់តូច ត្រដក់ធំ ទុងប្រផេះ អង្កត់ខ្មៅ អកត្រីក្បាលប្រផេះ និងថនិកសត្វប្រមាណ៩ប្រភេទ។ លើសពីនេះ តំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលមានអំណោយផលដល់អេកូទេសចរណ៍ធម្មជាតិ។

    គួរបញ្ជាក់ថា​ តំបន់រ៉ាមសារ (តំបន់ដីសើម) នីមួយៗ សម្បូរដោយធនធានធម្មជាតិ សត្វប្រភេទកម្រ ជីវៈចម្រុះ ដែលជាសក្តានុពលសម្រាប់ការអភិរក្ស និងវិស័យទេសចរណ៍៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖