ខេត្តបន្ទាយមានជ័យ ៖ ពិតជាសោកស្តាយ នឹកស្មានមិនដល់ថា លោកអធិការនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លាគ្មានថ្ងៃត្រឡប់ ។ នេះជាលើកឡើងដោយក្តីក្តុកក្តួល អាឡោះអាល័យបំផុត ពីនាយ នាយរង និងពលនគរបាលក្រោមឱវាទរបស់លោក ដែលតែងតែគោរព ស្រឡាញ់ មេដ៏មានគុណធម៌ ។
សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានទទួល មរណភាព ដោយ រោគាពាធ នៅ វេលាម៉ោង ១២និង០០នាទីឈានចូល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាត់ទុកជាដំណឹងដ៏សែនក្រៀមក្រំ ចំពោះការបាត់បង់ថ្នាក់ដឹកនាំប្រកបដោយធនធានមនុស្ស។
លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ត្រូវបានរាជរដ្ឋាភិបាលចាត់តាំង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាក្រុមគ្រួសារសព និងមិនអាចបំភ្លេចបានរាល់សកម្មភាពការងារ របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត ដោយលោកសរសេរថា ៖ មរណៈភាពលោកសៅ សារឿន ( បឿន ) អធិការក្រុងប៉ោយប៉ែត ខ្ញុំមានតែពាក្យ៤ម៉ាត់ប៉ុណ្ណោះ 🙏គោរព ស្រលាញ់ កោតសរសើរ និង ចងចាំ
🙏គោរព នូវវីរៈភាពការងារប្រកបដោយឆន្ទៈមុះមុត
🙏 ស្រលាញ់ ទឹកចិត្តដែលផ្តល់មកជាមនោសញ្ចេតនាគ្រប់ពេល
🙏កោតសរសើរ គោរពអនុវត្តន៍ការងារទោះឈឺរឺជាមិនឲ្យខកខាន
🙏ចងចាំ នូវស្នាដៃ ក្នុងនាមលោកជាមន្ត្រីនគរបាលយុត្តិធម៌ម្នាក់ដែលយល់ពីភារកិច្ចតួរនាទី មិនដែលយឺតយ៉ាសូម្បីសេរ៉ូមនៅដៃខ្នងដេកលើគ្រែមិនដែលឆ្លើយថាទេបើខ្ញុំខលទៅថាមានបទល្មើស ហើយមិនដែលថាលើសដល់៣នាទីទេឆ្លើយតបមកវិញថាគោរពទទួលមេ បានបញ្ជាកម្លាំងទៅហើយ មួយសន្ទុះក្រោយមកទូរសព្ទ័ប្រាប់ខ្ញុំថា រកឃើញហើយមេ ចាប់បានហើយមេ តែខ្លួនលោកអធិការរូបនេះនៅលើគ្រែ ដៃព្យូសេរ៉ូម បងបឿនអឺយយើងលែងបានរួមការងារជាមួយគ្នាហើយទៀតហើយ សូមវិញ្ញាក្ខន្ធបានទៅដល់ទីសុខគតិភពកុំបីខានឡើយ ដោយក្តីគោរព ស្រលាញ់ កោតសរសើរនិងចងចាំពីខ្ញុំប៉ាន់ខែម ប៊ុនថន ៕
ដោយ ៖ វណ្ណា