ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី អេង ហុី៖​ ថ្ងៃនេះខ្ញុំបាទឆ្លៀតពេលបន្តិច បង្ហាញអំពីទិដ្ឋភាពច្បាប់ជូនសាធារណជននិងអ្នកសារព័ត៌មានឱ្យយល់ជ្រួតជ្រាបអំពីបទប្បញ្ញត្តិមួយចំនួន

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ត្រី អេង ហុី​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៤នេះថា៖​ “ថ្ងៃនេះខ្ញុំបាទឆ្លៀតពេលបន្តិច បង្ហាញអំពីទិដ្ឋភាពច្បាប់ជូនសាធារណជននិងអ្នកសារព័ត៌មានឱ្យយល់ជ្រួតជ្រាបអំពីបទប្បញ្ញត្តិមួយចំនួន”។

លោក​អ្នកនាំពាក្យ​រូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ ម្សិលមិញនេះ អ្នកសារព័ត៌មានមួយចំនួនបានសួរមកខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីករណីលួចដោយស្ថានទម្ងន់ទោសដែលបានកើតឡើង ដើម្បីចង់បានព័ត៌មានអំពីហេតុការណ៍នេះ។ ខ្ញុំបាទក៏បានឆ្លើយជម្រាបជូនទៅវិញថា “ខ្ញុំមិនអាចឆ្លើយប្រាប់បានទេ ដោយសារការសម្ងាត់នៃការស៊ើបអង្កេត”។

មាត្រា៨៣នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា “ការស៊ើបអង្កេតត្រូវតែជាការសម្ងាត់។ បុគ្គលទាំងឡាយដែលចូលរួមក្នុងការស៊ើបអង្កេតជាពិសេសចៅក្រមខាងអយ្យការ មេធាវី ក្រឡាបញ្ជី នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ អ្នកជំនាញ… ត្រូវតែរក្សាការសម្ងាត់វិជ្ជាជីវៈ។ … ការបំពានលើការសម្ងាត់នៃការស៊ើបអង្កេត គឺជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្ឦទណ្ឌជាធរមាន។”

មាត្រា៥៨ ៖ ព្រះរាជអាជ្ញាដឹកនាំ និងសម្របសម្រួលសកម្មភាពការងាររបស់មន្ដ្រីនគរបាលយុត្តិធម៌និងភ្នាក់ងារនគរបាលយុត្តិធម៌ទាំងអស់…។

សរុបសេចក្តីមក នៅពេលកំពុងធ្វើការស៊ើបអង្កេតករណីបទល្មើសណាមួយ ភាគីចូលរួមការស៊ើបអង្កេតនោះ ត្រូវតែរក្សាការសម្ងាត់។​ សូមគោរពអរគុណចំពោះការយកចិត្តទុកដាក់អានអត្ថបទនេះដល់ចប់ ខ្ញុំបាទសង្ឃឹមថា បុគ្គលដែលមិនទាន់យល់កន្លងទៅ នឹងយល់ដឹងច្បាស់៕

ដោយ​៖តារា​


ចែករំលែក៖