ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងការងារមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កងយោធពលខេមរភូមិន្ទ បានចូលរួមកសាងអភិវឌ្ឍនៅតំបន់ព្រំដែន កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់តំបន់ព្រំដែនមកតំបន់ខាងក្នុងសម្រាប់បម្រើឱ្យខឿនការពារជាតិ និងសេដ្ឋកិច្ចសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ក៏មានភាពម្ចាស់ការ និងបានសហការជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមនិងការងារមនុស្សធម៌ បង្រ្កាបបទល្មើសផ្សេងៗបានទាន់ពេលវេលា ដូចជាប្រតិបត្តិការជួយសង្រ្គោះក្នុងគ្រោះមហន្តរាយនានាជាដើម។

សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុងមាំថា ការរៀបចំ និងការកែទម្រង់នូវវិស័យការពារជាតិ និងទទួលបានជោគជ័យ បើទោះបីជាការកែទម្រង់នេះមាន ការលំបាកបន្តិចក្តី ក៏ប៉ុន្តែមិនអាចដកថយបាននោះឡើយ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា ៖  ការទូតយោធាគឺជាកិច្ចការសំខាន់បំផុត ដោយកិច្ចការនេះ មិនត្រឹមតែធ្វើជាមួយក្រសួងការពារជាតិប៉ុណ្ណោះទេ គឺត្រូវធ្វើជាមួយគ្រប់ភាគីទាំងអស់ ទាំងទ្វេភាគី និងតំបន់។ មួយវិញទៀតការទូតយោធានេះ ពេលណាធ្វើត្រូវនឹងនាំមកនូវសន្តិភាព មិត្តភាពល្អជាមួយប្រទេសជាមិត្ត តែបើដើរខុសវានឹងនាំមកនូវសង្រ្គាមជាក់ជាមិនខាន ៕

ដោយ ៖ សិលា


ចែករំលែក៖