ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ក្រើនរំលឹកអំពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដី​ណែនាំ​ក្រើនរំលឹកអំពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង។ 

នៅក្នុង​សេចក្ដីណែនាំ​របស់​ក្រសួង​ បានបញ្ជាក់ថា​ កន្លងមកក្រសួងសុខាភិបាល​ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋពីការការពារសុខភាពក្នុង អំឡុងពេលមានអាកាសធាតុក្តៅខ្លាំងទាក់ទៅជាមួយការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ដើម្បីឱ្យ បងប្អូនប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ទឹក និងថាមពលអគ្គិសនីឱ្យបានសមស្រប មានសុវត្ថិភាព និងរក្សាសុខភាព ក្នុងអំឡុងពេលមានអាកាសធាតុក្តៅខ្លាំងនៅប្រទេសកម្ពុជា ក្រសួង សុខាភិបាលសូមរំលឹកជូនបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធ ការពាររាង្គកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ ដូចជាការខ្សោះជាតិទឹក ជំងឺ បេះដូង រលាកផ្លូវដង្ហើម ដែលនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀតបណ្តាលមកពីការការប្រើប្រាស់ទឹកមិន ស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។ បរិមាណទឹកស្អាតមានសារៈសំខាន់ណាស់អាចជួយទ្រទ្រង់ជីវិត មនុស្ស តែផ្ទុយទៅវិញការប្រើប្រាស់ទឹកមិនស្អាតអាចបណ្តាលឱ្យមានជំងឺដូចជា ជំងឺរាករូស ជំងឺរាកមូល ជំងឺអាសន្នរោគ និងជំងឺគ្រុនពោះវៀន ។ល។ ហើយក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ ដោយសារមេរោគនៅក្នុងទឹក (វីរុស បាក់តេរី ដង្កូវព្រូន) និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ចូលរួម អនុវត្តតាមការណែនាំក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងដូចខាងក្រោម៖

១. ការប្រើប្រាស់ទឹក និងថាមពលអគ្គិសនី

 • ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំ​ក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន ២គ្រាប់ អាចលាយទឹក ២០លីត្រ)។ 

​ • ពិសាទឹកឱ្យបានញឹកញាប់លើសពី ២លីត្រ ក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។

​ •បងប្អូនប្រជាពលរដ្ឋចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក និងថាមពលអគ្គិសនីឱ្យបាន សមស្របទាំងអស់គ្នា ដើម្បីរក្សាបរិមាណទឹក និងថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងសហគមន៍។

២.ការរក្សាសុខភាព និងសុវត្ថិភាព

• រក្សាអនាម័យខ្លួនប្រាណ ទុកដាក់ម្ហូបអាហារមានគម្របត្រឹមត្រូវ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនញាំអាហារ និងក្រោយចេញពីបង្គន់។ 

 • ចៀសវាងការពិសារជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករ អំបិលច្រើនដែលនាំឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។

• ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅព្រះអាទិត្យ ដូចជា សម្លៀក បំពាក់ស្រាល រលង់ ពណ៌មិនជិតពេក និងពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារកម្ដៅថ្ងៃ។

• ចៀសវាងការស្លៀកពាក់ក្រាសៗពេកឱ្យទារក ឬកុមារតូច ឬរុំពួកគេក្នុងភួយដែលធ្វើឱ្យកម្ដៅពួកគេកើនឡើងបន្ថែមទៀត។

 • ចៀសវាងស្ថិតក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវរកកន្លែងជ្រក ឬរបាំងការពារ កម្ដៅព្រះអាទិត្យ។

• ចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង។

• សមាជិកគ្រួសារត្រូវតែតាមដានមើលឱ្យបានញឹកញាប់ ចំពោះមនុស្សចាស់អាយុ ៦០ឆ្នាំឡើង ក៏ដូចជាអ្នកកំពុងមានជំងឺ កុមារក្រោមអាយុ ២ឆ្នាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកមានជំងឺរ៉ាំរ៉ៃ ព្រោះ ពួកគេត្រូវការជំនួយ។

• ប្រសិនបើមានរោគសញ្ញា ដូចជា វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូលសាច់ដុំ (រមូលក្រពើ) ដែលទាំងនេះជាសញ្ញាដំបូងនៃផលប៉ះពាល់ពីកម្ដៅ ត្រូវផ្លាស់ប្តូរទៅរកទីកន្លែងត្រជាក់ និង ត្រូវសម្រាក ២ ទៅ ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ កុំហើយបន្តសកម្មភាព ព្រោះអាចមាន ហានិភ័យខ្ពស់។ ចៀសវាងការចោមរោមជុំជិតអ្នកជំងឺដែលមានបញ្ហាសុខភាព ហើយសូម ស្វែងរកការព្យាបាលភ្លាមៗនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុ ប្រសិនបើមិនធូរស្រាល។

កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ ពីព្រោះវានឹងធ្វើឱ្យអ្នក ព្រមទាំងផ្ទះរបស់អ្នកកាន់តែក្តៅ។ រក្សាវត្ថុដែលងាយឆេះឱ្យឆ្ងាយពីប្រភពកម្ដៅ ហើយកុំទុកទៀន ឬអណ្តាតភ្លើងដោយមិន មានអ្នកមើលថែ ដើម្បីកាត់បន្ថយហានិភ័យនៃអគ្គីភ័យកើតឡើងជាយថាហេតុក្នុងអំឡុង ពេលអាកាសធាតុក្តៅ។

ត្រូវប្រាកដថាខ្សែភ្លើង និងឧបករណ៍អគ្គិសនីនៅក្នុងស្ថានភាពល្អ ចៀសវាងការប្រើប្រាស់ មិនត្រឹមត្រូវតាមបច្ចេកទេស ហើយត្រូវផ្តាច់ចរន្តអគ្គិសនីពីឧបករណ៍ទាំងនោះនៅពេលមិន ប្រើប្រាស់វា។ មិនត្រូវធ្វេសប្រហែសក្នុងការប្រើប្រាស់ចរន្តអគ្គីសនី ហើយមិនត្រូវទុកដាក់ ប្រដាប់ប្រដារដែលមានបន្ទុកអគ្គីសនី ដែកកេស ឈើគូស ឧស្ម័ន ប្រេងឥន្ទៈ អាល់កុល។ល។ ដែលងាយឆាបឆេះនៅទីកន្លែងដែលមានកំដៅខ្ពស់ ដើម្បីបង្ការការផ្ទុះ ឬឆាបឆេះ ដែលនាំឱ្យ ប៉ះពាល់ដល់សុខភាព សុវត្ថិភាព និងអាយុជីវិតជាយថាហេតុ។

សូមអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាព ប្រជាជនក្នុងតំបន់ ជាពិសេសជនងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ក្នុងករណីមានបញ្ហាសុខភាព ណាមួយកើតឡើង។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ៕

ដោយ​៖ តារា​


ចែករំលែក៖