ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុម ជួញដូរគ្រឿងញៀនឆ្លងដែនយ៉ាងសកម្ម ចំនួន ០៦នាក់ និងរឹបអូសគ្រឿងញៀនជិត ២០០គីឡូក្រាម ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀតផង

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរ​ប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវ​បង្ក្រាបនិងឃាត់ខ្លួនក្រុម ជួញដូរគ្រឿងញៀនឆ្លងដែនយ៉ាងសកម្ម ចំនួន ០៦នាក់ និងរឹបអូសគ្រឿងញៀនជិត ២០០គីឡូក្រាម ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀតផង។ 

ប្រភពដដែលបន្តថា​ អនុវត្តតាមបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង០៩និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតជាង ៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ០៥ ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ ៖

ទី១-នៅចំណុចទល់មុខស្ថានីយ៍ទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ 

ទី២-ក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វារ

ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ

ទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង

ទី៥-ផ្ទះលេខ៣២អ៊ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់-ខណ្ឌឬស្សីកែវ

កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់រួមមាន ៖

១-ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១ ជាមេខ្លោង ហើយមានដីកាចាប់បង្គាប់ឲ្យចាប់ខ្លួនផងដែរ

២-ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ ១៩៦៤

៣-ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១

៤-ឈ្មោះ ប៊ុន ម៉ាលីស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤

៥-ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០

៦-ឈ្មោះ កេះ ស្រីពេញ ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩

*ចាប់យកវត្ថុតាង គ្រឿងញៀន ៖

១-មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម

២-កេតាមីន (Ketamine) ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម

៣-ហេរ៉ូអុីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម 

*សរុបគ្រឿងញៀនទម្ងន់ ១៨៨គីឡូក្រាម ១៤២ក្រាម។ 

*ចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផលកើតចេញពីបទល្មើសគ្រឿងញៀន រួមមាន ៖ 

-សាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិក។

-អចលនទ្រព្យ រថយន្ត គណនីធនាគារ ប្រមាណតម្លៃ រាប់លាន ដុល្លារអាមេរិក។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖