ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន​ ៤នាក់​ ក្នុងករណីជួញដូរគ្រឿងញៀន និងថ្នាំញៀនជិត៦គីឡូក្រាម

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ នៅថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្រ្កាបករណីជួញដូរ និងកែច្នៃសារធាតុញៀន១កន្លែង ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យទាំងមុន ទាំងក្រោយ សរុបចំនួន៤នាក់ ជាជនជាតិចិន និងថ្នាំញៀនជិត៦គីឡូក្រាម ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តថា ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដំបូងឡើយឃាត់ខ្លួនបាន២នាក់ជាជនជាតិចិន។ លុះដល់រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានបន្ដទៅឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន២នាក់ (ស្រី១នាក់) បន្ថែមទៀត ជាជនជាតិចិន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។

ជនសង្ស័យចំនួន៤នាក់ រួមមាន៖

ទី១. ឈ្មោះ LIU CHANG LIANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន

ទី២. ឈ្មោះ CHU XINLE ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន

ទី៣. ឈ្មោះ GONG YANGQING ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន

ទី៤. ឈ្មោះ SHI MINGHA ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន

ចំពោះវត្ថុតាងដែលដកហូតបាន មានសារធាតុញៀនទម្ងន់សរុប ៥៧២៨.៣០ក្រាម (ទម្ងន់សុទ្ធ) និងកញ្ឆាក្រៀមទម្ងន់ ៦១៣.០១ក្រាម (ទម្ងន់សុទ្ធ) ក្នុងនោះ៖

* សារធាតុញៀនប្រភេទមេតំហ្វតាមីន (ICE) ទម្ងន់ ១១០៨.០៥ក្រាម (ទម្ងន់សុទ្ធ)

* សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ១៣២០.៤៥ក្រាម (ទម្ងន់សុទ្ធ)

* សារធាតុញៀនប្រភេទកេតាមីន (K) ទម្ងន់ ១១១៩.៥៦ក្រាម (ទម្ងន់សុទ្ធ)

* សារធាតុញៀនប្រភេទអ៉ិចស្ដាស៊ី (MDMA) ទម្ងន់ ២១៧៣.៨៦ក្រាម (ទម្ងន់សុទ្ធ)

* សារធាតុញៀនប្រភេទហេរ៉ូអ៉ីន ទម្ងន់ ៦៣៨ក្រាម (ទម្ងន់សុទ្ធ)

ក្រៅពីនេះមានទូរស័ព្ទដៃចំនួន ៨គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៦គ្រឿង, លិខិតឆ្លងដែនចំនួន ៣ក្បាល, កាតធនាគារចំនួន ៣សន្លឹក, ម៉ូតូចំនួន ១គ្រឿង, ឧបករណ៍កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនស្ស័យទាំង៤នាក់ រួមនឹង​វត្ថុតាង ត្រូវបានមន្ត្រីនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ដេីម្បីចាត់ការតាមច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖