ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ស្រ្តី​ម្នាក់​ទៀត​ ឈ្មោះ​ រ៉េត សុធីដា ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ សាលាដំបូងខេត្តសៀមរាប​ នៅថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការនាំខ្លួន ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី មើលដ៍ ឯ.ក។ 

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញ សារព័ត៌មានទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។ ការនាំខ្លួនជនត្រូវចោទ ឈ្មោះ រ៉េត សុធីដា ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង ព្រមទាំងបានសួរចម្លើយ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា រួចមក និងឃើញថាជនត្រូវចោទឈ្មោះ រ៉េត សុធីដា មានជាប់ពាក់ព័ន្ធ នឹងបទល្មើសខាងលើ។

ជាមួយគ្នានេះ​ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនថា ចៅក្រមស៊ើបសួរនឹងធ្វើការសួរយកចម្លើយ ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ទៅតាមនីតិវិធីច្បាប់ នាថ្ងៃស្អែក។​ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តា ជ្រាបតាមការគួរ៕

ដោយ​៖ តារា​


ចែករំលែក៖