ព័ត៌មានទាន់ហេតុការណ៍៖

អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ចំនួន​៩នាក់​​ (ជនជាតិឡាវ១នាក់) និងបក្ខពួក ពីបទល្មើស​រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ​សារធាតុញៀន កាន់កាប់អាវុធដោយ​គ្មាន​ការអនុញ្ញាត និងសម្អាតប្រាក់

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​អយ្យការអម​សាលាដំបូង​ខេត្តស្ទឹងត្រែង ចុះថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌទទួលពីមន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​បាន​ចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន​ ៥នាក់ រក​ឃើញ​គ្រឿងញៀន​​​​ទម្ងន់ ​២៤០គីឡូក្រាម កាំភ្លើងខ្លី១ដើម និង​ទ្រព្យសម្បត្តិ​មួយចំនួន ប្រព្រឹត្តនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ចំនួន​៩នាក់​​ (ជនជាតិឡាវ១នាក់) និងបក្ខពួក ពីបទល្មើស​រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ​សារធាតុញៀន កាន់កាប់អាវុធដោយ​គ្មាន​ការអនុញ្ញាត និងសម្អាតប្រាក់ តាមមាត្រា៤០ នៃច្បាប់ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន មាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំង​ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរវកម្ម។​ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥៧៧ អយ/២៤ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី។ 

សូមជម្រាបថា​ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៣៥ ចុះថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង សម្អាតប្រាក់ ពីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងការិយាល័យ អប់រំផ្សព្វផ្សាយ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ និងដកហូតវត្ថុតាងរួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២២០ (ពីររយម្ភៃគីឡូក្រាម) សារធាតុញៀនប្រភេទហេរ៉ូអ៊ុនទម្ងន់ ២០ (ម្ភៃគីឡូក្រាម) កាំភ្លើងកែច្នៃចំនួន ០២ ដើម កាំភ្លើងខ្លីម៉ាក MUCR19 RAOUDE ចំនួន ០១ ដើម គ្រាប់ចំនួន ២៤ គ្រាប់ រថយន្តម៉ាកសាំយ៉ុងពណ៌ស្លែ ផ្លាកលេខ2T-9330 ចំនួន ០១ គ្រឿង និងទូរស័ព្ទដៃចំនួន ០៩ គ្រឿង៕

ដោយ​៖ តារា​


ចែករំលែក៖