ព័ត៌មានទាន់ហេតុការណ៍៖

បាត់កូនស្រីជាង២ខែម្តាយកាន់រូបថតទៅប្តឹងនគរបាលសុំកិច្ចអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់កាន់រូបថតកូនស្រីមួយសន្លឹកធ្វេីដំណេីរទាំងទឹកភ្នែកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ នៅព្រឹកថ្ងៃទី២​ ខែឧសភា​ ឆ្នាំ២០២៤​ ដេីម្បីសុំកិច្ចអន្តរាគមន៍ក្រោយពីបាត់តំណឹងកូនស្រីអស់រយៈពេលជាង២ខែមកហេីយ។ 

តាមការអះអាងពីស្ត្រីឈ្មោះឆេង ស្រីម៉ា អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះពៅ​ កាក់ អាយុ៣៨ឆ្នាំ​ មុខរបរលក់ដូរស្នាក់នៅបុរីចាន់សម្បត្តិ​ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីតនៅភូមិតាអូ ឃុំតាអូ ស្រុកគីរីវង់ ខេត្តតាកែវ  បានបញ្ជាក់ថា​ គាត់បានបាត់កូនស្រី

ឈ្មោះពៅ សុធា អាយុ១៦ឆ្នាំ តាំងពីថ្ងៃទី១៤​ ខែកុម្ភៈឆ្នាំ២០២៤មកម្ល៉េះ ដោយមិនដឹងដំណឹងថាទៅទីណានោះទេ។ 

តាមការរៀបរាប់របស់ម្តាយក្មេងស្រីដែលបាត់ខ្លួនបានឱ្យដឹងទៀតថា​ មុនការបាត់ខ្លួនរូបគាត់តែងតែស្តីបន្ទោសឱ្យកូនស្រីរឿងលេងទូរស័ព្ទមិនគិតជួយធ្វេីការផ្ទះនិងរៀនសូត្រ ហេីយរូបគាត់មិនដែលវាយកូនម្តងណាឡេីយ។ លុះមកដល់ថ្ងៃទី១៤​ កុម្ភៈ កូនស្រីរបស់គាត់បានចាកចេញពីផ្ទះបាត់ដោយមិនបានប្រាប់ឪពុកម្តាយសោះ ទោះតេទៅរឺឆាតក៏មិនលេីក​ មិនឆ្លេីយតប​ ធ្វេីឱ្យគាត់ព្រួយចិត្តយ៉ាងខ្លាំង។ តែបេីបងប្អូនសាច់ញាតិឆាតទៅកូនស្រីរបស់គាត់នាងបានឆ្លេីយយ៉ាងខ្លីថា នាងមិនអីទេ​ នាងនៅភ្នំពេញធ្វេីការរកលុយ។ 

រហូតចូលឆ្នាំខ្មែរប្រពៃណីជាតិរួចស្រាប់តែទាក់ទងលែងបានគ្មានដំណឹងទាល់តែសោះ ទេីបធ្វេីឱ្យឪពុកម្តាយបារម្ភយ៉ាងខ្លាំងក៏សម្រេចចិត្តកាន់រូបថតកូនស្រីមួយសន្លឹកធ្វេីដំណេីរទាំងទឹកភ្នែកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣សុំកិច្ចអន្តរាគមន៍៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖