ភ្នំពេញ៖ ស្ត្រីម្នាក់កាន់រូបថតកូនស្រីមួយសន្លឹកធ្វេីដំណេីរទាំងទឹកភ្នែកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដេីម្បីសុំកិច្ចអន្តរាគមន៍ក្រោយពីបាត់តំណឹងកូនស្រីអស់រយៈពេលជាង២ខែមកហេីយ។
តាមការអះអាងពីស្ត្រីឈ្មោះឆេង ស្រីម៉ា អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះពៅ កាក់ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរស្នាក់នៅបុរីចាន់សម្បត្តិ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅភូមិតាអូ ឃុំតាអូ ស្រុកគីរីវង់ ខេត្តតាកែវ បានបញ្ជាក់ថា គាត់បានបាត់កូនស្រី
ឈ្មោះពៅ សុធា អាយុ១៦ឆ្នាំ តាំងពីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៤មកម្ល៉េះ ដោយមិនដឹងដំណឹងថាទៅទីណានោះទេ។
តាមការរៀបរាប់របស់ម្តាយក្មេងស្រីដែលបាត់ខ្លួនបានឱ្យដឹងទៀតថា មុនការបាត់ខ្លួនរូបគាត់តែងតែស្តីបន្ទោសឱ្យកូនស្រីរឿងលេងទូរស័ព្ទមិនគិតជួយធ្វេីការផ្ទះនិងរៀនសូត្រ ហេីយរូបគាត់មិនដែលវាយកូនម្តងណាឡេីយ។ លុះមកដល់ថ្ងៃទី១៤ កុម្ភៈ កូនស្រីរបស់គាត់បានចាកចេញពីផ្ទះបាត់ដោយមិនបានប្រាប់ឪពុកម្តាយសោះ ទោះតេទៅរឺឆាតក៏មិនលេីក មិនឆ្លេីយតប ធ្វេីឱ្យគាត់ព្រួយចិត្តយ៉ាងខ្លាំង។ តែបេីបងប្អូនសាច់ញាតិឆាតទៅកូនស្រីរបស់គាត់នាងបានឆ្លេីយយ៉ាងខ្លីថា នាងមិនអីទេ នាងនៅភ្នំពេញធ្វេីការរកលុយ។
រហូតចូលឆ្នាំខ្មែរប្រពៃណីជាតិរួចស្រាប់តែទាក់ទងលែងបានគ្មានដំណឹងទាល់តែសោះ ទេីបធ្វេីឱ្យឪពុកម្តាយបារម្ភយ៉ាងខ្លាំងក៏សម្រេចចិត្តកាន់រូបថតកូនស្រីមួយសន្លឹកធ្វេីដំណេីរទាំងទឹកភ្នែកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣សុំកិច្ចអន្តរាគមន៍៕
ដោយ៖សុខាសែនជ័យ