ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីបច្ចេកទេសមួយចំនួនចុះពិនិត្យស្ថានភាពទឹកនៅប្រភពទឹក១មករា សម្រាប់ផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាតដើម្បីការអន្តរាគមន៍បូមទឹកបញ្ជូន ទៅស្ថានីយ៍ផលិតទឹកស្អាតដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញនេះ។
ក្នុងពេលចុះពិនិត្យនោះ លោក ងួន រតនៈ បានបញ្ជាក់ថា ៖ ការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយ៍ផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹកព្រោះពុំមានភ្លៀងធ្លាក់នោះឡើយ ហើយអាកាសធាតុក៏កាន់តែក្តៅ ប្រភពទឹកតាមបឹង ត្រពាំងមួយចំនួន ក៏មានការរីងស្ងួតជាបណ្ដើរៗ។
ក្នុងនោះ អភិបាលខេត្តកំពង់ធំ បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សា ការពារប្រភពទឹក តាមការណែនាំរបស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេស ហាមដាច់ខាតការធ្វើស្រែប្រាំងនៅទីតាំងដែលគ្មានប្រភពទឹកគ្រប់គ្រាន់ ប្រឈមនឹងបញ្ហាខូចខាតដំណាំស្រូវផងដែរ។
លោកអភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ប្រភពទឹកទាំងនេះ ហាមដាច់ខាតមិនឲ្យប្រជារដ្ឋយកទៅពង្រីផ្ទៃដីធ្វើស្រែប្រាំងនោះទេ គឺសម្រាប់ផ្គត់ផ្គង់មនុស្ស និងសត្វតែប៉ុណ្ណោះ។ ដូចនេះសូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំផុត ត្រូវរក្សាប្រភពទឹកនេះ ដើម្បីឱ្យបងប្អូនជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំងនេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលតម្រូវការប្រើប្រាស់ប្រភពទឹក ពីក្រុមប្រតិបត្តករទឹកស្អាតមាន៣ទីតាំង ដែលមានតំបន់សេវាកម្មចំនួន០៩ឃុំ ដែលមានគ្រួសារចំនួន ២៤.៣៩៣គ្រួសារ និងប្រជាជនដែលកំពុងប្រើប្រាស់ទឹកស្អាតទាំងបីទីតាំងសរុបចំនួន១២.១២៦នាក់ផងដែរ៕
ដោយ ៖ សិលា