ភ្នំពេញ ៖ ទោះមិនមានវត្តមានផ្ទាល់ក្នុងដំណើរការកែសន្លឹកកិច្ចការនៅមណ្ឌលកំណែក៏ពិតមែន ខ្ញុំនៅបន្តតាមដានគ្រប់ជំហានពីខេត្តសៀមរាប។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ៖ នាវេលាម៉ោង៧ និង១៥នាទីព្រឹកនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃកន្លងមក។ ដោយសារមានភារកិច្ចជាអធិបតី នៃសិក្ខាសាលាថ្នាក់តំបន់ និងបេសកកម្មក្នុងក្របខណ្ឌគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅខេត្តសៀមរាប ព្រឹកនេះខ្ញុំមិនមានវត្តមានបើកសន្លឹកកិច្ចការសម្រាប់ដំណើរការកំណែដូចសព្វមួយដងនោះទេ។ ទោះបីជាយ៉ាងនេះក្តី ខ្ញុំ និងក្រុមការងារនៅបន្តតាមដានយ៉ាងយកចិត្ត ទុកដាក់គ្រប់ដំណាក់កាលទាំងអស់នៃដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនពីចម្ងាយ៕
ដោយ ៖ សិលា