ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខា សាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ

ចែករំលែក៖

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាតំបន់នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក។

សិក្ខាសាលា ទទួលបានការអញ្ជើញចូលរួមពីគណៈកម្ម ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកានៃវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា ព្រមទាំងប្រធាន មន្ទីរពេទ្យបង្អែកទូទាំងខេត្តដែលអញ្ជើញមកពីខេត្ត សៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាលោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ការបង្កើតកម្មវិធីវាយតម្លៃនិងទទួល ស្គាល់ការផ្តល់សេវាសាធារណៈគំរូនេះ ជាឱកាសមួយដ៏ធំធេងណាស់ សម្រាប់ជួបជុំគ្នា ពិគ្រោះយោបល់គ្នា ត្រង់ទៅត្រង់មក ក៏ដូចជាការរៀនសូត្របទពិសោធន៍ពីអង្គភាពជោគជ័យក្នុងការផ្តល់សេវា។” លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “នេះជាឱកាសសម្រាប់ការចែករំលែកបទពិសោធន៍ ថាតើថា្នក់ជាតិ និងថ្នាក់កម្រិតខេត្ត ក្រុង ស្រុក ជាមួយនឹងប្រតិបត្តិករនៅមូលដ្ឋាន ជួយគ្នា សហការគ្នាបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការផ្តល់សេវា បានកម្រិតណា ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទទួលយកនូវសេវា មានការសប្បាយរីករាយ។”

សិក្ខាសាលានាពេលនេះ ជាសិក្ខាសាលាតំបន់ទី៤ និងជាតំបន់ចុងក្រោយ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី៦ ទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយរៀបចំឱ្យមានបទបង្ហាញផ្សព្វផ្សាយចំនួន១៤ និងវេទិកាសំណួរ និងចម្លើយចំនួន ៤ ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីឱ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន សម្រាប់ត្រៀមចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៤ តាមរយៈការធ្វើបទបង្ហាញ របស់សមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ.៕

ដោយ៖ សូរិយា


ចែករំលែក៖