សារព័ត៌មាន AFP នៅថ្ងៃចន្ទទី៦ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រីនឹងគូសបញ្ជាក់អំពីការប្រកួតប្រជែងដោយយុត្តិធម៌ជាមួយចិន នៅពេលជួបលោកប្រធានាធិបតី ស៉ី ជីនពីង ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង។
ថ្លែងប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅទីក្រុងប៉ារីស ជាមួយលោកស៉ី ជីនពីង និងលោកអេមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោកស្រី von der Leyen បានបញ្ជាក់ថា «យើងត្រូវតែធ្វើការដើម្បីឱ្យប្រាកដថា ការប្រកួតប្រជែងមានភាពយុត្តិធម៌និងគ្មានការបំភ្លៃ»។ យើងមើលឃើញយ៉ាងច្បាស់ពីទំនាក់ទំនងរបស់យើងជាមួយចិន ដែលមានភាពស្មុគស្មាញ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់បំផុតផងដែរ»។ លោកស្រី Von der Leyen បានសង្កត់ធ្ងន់លើបញ្ហានៃទំនិញដ៏ហូរហៀររបស់ចិនក្នុងទីផ្សារអឺរ៉ុប និងវិធីសាស្រ្តនាំយកទំនិញចូលក្នុងតម្លៃទាបពេក ធ្វើឱ្យក្រុមហ៊ុននានារបស់សហភាពអឺរ៉ុប លំបាកក្នុងការប្រកួតប្រជែង។
គួរបញ្ជាក់ថា អាជ្ញាធរសហភាពអឺរ៉ុបដែលទទួលបន្ទុកបញ្ហាពាណិជ្ជកម្ម បានបើកការស៉ើបអង្កេតលើការប្រកួតប្រជែងមួយចំនួន ដែលផ្តោតលើប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទីក្រុងប៉េកាំង មានការខឹងសម្បាយ៉ាងខ្លាំង ដោយសង្ស័យថា មានលក្ខណៈមិនស្មើភាពហើយហៅចំណាត់ការនោះថាជា «របបគាំពារនិយម» របស់ EU៕ ដោយ៖ ធីរីណា
រូបថត៖ Le Figaro