ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចដោយផឹកសុី គេនិយាយញ៉ែប្រពន្ធទាញកាំបិតកាប់ចំកជនរងគ្រោះ

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបានកើតឡើងបណ្ដាលឱ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឱ្យនគរបាលនៃអធិការដ្ឋានស្រុកកូនមុំដើម្បីចាត់ការតាមនីតិវិធីបន្ត ។

   ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនោះបានកើតឡើងនៅវេលាម៉ោង១៨៖៥៥ នាទី ថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៤នៅត្រង់ចំណុចការដ្ឋានទី២ក្នុងក្រុមហ៊ុនហង់អាញ់យ៉ាឡាយអណ្ដូង មាសដែលមានទីតាំងក្នុងភូមិ៣  ឃុំស្រែអង្រ្គង  ស្រុកកូនមុំ ខេត្តរតនគិរី ។

   ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ជា សុផា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ រស់នៅបណ្ដោះអាសន្ន កន្លែងកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកែច្នៃកាប់ជាច្រើនកាំបិតចំកជនរងគ្រោះបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ 

   ជនរងគ្រោះឈ្មោះ ប៉ាន់  លាង  ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ  មុខរបរកម្មករ រស់នៅបណ្ដោះអាសន្នកន្លែងកើត ហេតុខាងលើ ។

   ប្រភពបានឱ្យដឹងថា ដំណើររឿងមុនពេលកើតហេតុជនសង្ស័យរួមនឹងប្រពន្ធរបស់ខ្លួន និងជនរងគ្រោះបាននាំគ្នាផឹកសុីនៅមុខបន្ទប់របស់ជនសង្ស័យ។ ពេលកំពុងផឹកសុីនោះ ជនរងគ្រោះបាននិយាយរបៀបលែបខាយទៅលើប្រពន្ធជនសង្ស័យ និងថែមទាំងបាននិយាយឱ្យជនសង្ស័យថា បើអ្ហែងមិនកើតឱ្យអាញ់យកម្ដង។

   ពេលលឺជនរងគ្រោះនិយាយបែបនេះជនសង្ស័យកើតមានកំហឹងក៏ស្ទុះទៅយកកាំបិតកាប់ទៅលើជនរងគ្រោះតែម្ដងទៅ។ 

   ក្រោយកើតហេតុភ្លាមៗប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកន្លែងកើតហេតុបាននាំគ្នាព័ទ្ធចាប់ខ្លួនជនសង្ស័យមកប្រគល់ឱ្យកម្លាំងនៃអធិការដ្ឋានស្រុកកូនមុំភ្លាមដែរ។

   បច្ចុប្បន្នជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រីឯជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន រួចប្រគល់ឱ្យនគរបាលស្រុកកូនមុំដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តផងដែរ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖