ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋានលំផាត់ឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទលួចកេសលុយនិងពីរនាក់ទៀតហៅអប់រំព្រោះមិនទាន់គ្រប់អាយុ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងអធិការដ្ឋានធ្វើការឃាត់ខ្លួនពីបទជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(លួចកេសដែកដាក់លុយ និងគ្រឿងអលង្ការ)និងពីរនាក់ទៀតត្រូវបានហៅមកណែរនាំអប់រំព្រោះនៅក្មេងមិនទាន់គ្រប់អាយុនៅឡើយ។

ការឃាត់ខ្លួននោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ១១និង០០នាទីនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤នៅស្រុកលំផាត់ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម÷

ជនសង្ស័យទី១ឈ្មោះ ញុល ឆានុន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ជា(អ្នកលួច)។

ទី២.ឈ្មោះ ឈាង កញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី(ទទួលផលចោរកម្ម)។

ទី៣.ឈ្មោះ ឈាង វិឡា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ មានទំនៅបច្ចុប្បន្នភូភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី(ទទួលផលចោរកម្ម)។

ទី៤.ឈ្មោះ ញុល បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិទំពួន មានទីលំនៅបច្ចុប្បន្នភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី(មើលផ្លូវ)។

-ជនរងគ្រោះឈ្មោះ អ៉ិត ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់ចាប់ហួយ រស់នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមការសេចក្តីរាយការណ៍ពីជនរងគ្រោះថា ក្នុងកេសដែកដែលជនសង្ស័យលួចយកទៅនោះមានលុយចំនួន៧០លានរៀល ខ្សែកមាសទម្ងន់៣ជីកន្លះចំនួន០១ខ្សែ។

 ខ្សែដៃផ្លាកទីន ប្រុសមួយដំឡឹងចំនួន០១ខ្សែ។

 ខ្សែជើងផ្លាកទីនមួយដំឡឹងចំនួន០២ខ្សែ។

 ខ្សែដៃផ្លាកទីន ស្រីមួយដំឡឹងចំនួន០២ខ្សែ ជញ្ជៀនចំនួន០១ វង់ទៀតផងដែរ។

ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅវេលាម៉ោង ១៨និង០០នាទីល្ងាចថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ ឆានុន និងប្អូនប្រុសឈ្មោះ ញុល បញ្ញាបានលបចូលលួច ធុងដាក់លុយ នៅក្នុងតូបលក់អីវ៉ាន់របស់ជនរងគ្រោះ។

 នៅពេលលួចបានហើយក៏រត់តាមផ្លូវក្រោយផ្ទះរបស់ជនរងគ្រោះដល់ចំណុចស្រះទឹកមួយក៏បាននាំគ្នាហែកកេសដែកដាក់លុយនោះ យកបានកាបូបលុយ ហើយបានបោះកេសដែកដាក់លុយ និងឯកសារមួយចំនួនចូលទៅក្នុងស្រះទឹក រួចក៏លោតផ្លោះរបងចេញតាមខាងក្រោយផ្ទះ បន្ទាប់មកក៏បានយកកាបូបលុយនោះ ទៅលាក់ទុកក្នុងស្មៅនៅក្បែរផ្ទះរបស់ខ្លួន។

ក្រោយមកទៀតខ្លួននិងប្អូនបានដើរត្រឡប់មកផ្ទះរបស់ខ្លួនវិញ ពេលមកដល់ផ្ទះវិញឈ្មោះ ឆានុន និងប្អូនបានយកម៉ូតូរបស់ម្ដាយ ឌុបគ្នាទៅយកកាបូបលុយដែលលាក់ទុកខាងលិចផ្សារលំផាត់ថ្មីនោះ និងបានដកលុយមួយចំនួន យកទៅទិញទូរស័ព្ទមួយគ្រឿង និងផៅវើប៊ែងមួយផងដែរ។

 តែក្រោយទិញទូរស័ព្ទរួចក៏ត្រឡប់មកយកកាបូបលុយដែលលាក់ទុកក្នុងស្មៅ រួចជិះម៉ូតូមកផ្ទះរបស់ឈ្មោះ កញ្ញា និងឈ្មោះ វិឡា រួចក៏ដកលុយឲ្យឈ្មោះ វិឡា ចំនួន ៥៥ម៉ឺនរៀល និងបានពិភាក្សាគ្នាដើម្បីរត់គេចទៅខេត្តក្រចេះ(ទៅផ្ទះឪពុករបស់ឈ្មោះ កញ្ញា)។

 ក្រោយរៀបចំផែនការរួច ឈ្មោះ ឆានុន និងប្អូន បានជិះម៉ូតូមកផ្ទះវិញ ដោយទុកកាបូបលុយនៅជាមួយឈ្មោះ កញ្ញា ជិះម៉ូតូមកតាមក្រោយដល់ផ្ទះ ក៏យកម៉ូតូទុកឲ្យម្ដាយវិញ ។

ហើយក៏បាននាំគ្នាឡើងជិះម៉ូតូឈ្មោះ កញ្ញាដើម្បីទៅខេត្តក្រចេះរត់គេចខ្លួន ពេលកំពុងជិះម៉ូតូតាមផ្លូវបានប្រមូលលុយចេញពីកាបូបរបស់ជនរងគ្រោះ ដាក់ក្នុងកាតាបរបស់ខ្លួនរួចបោះកាបូបជនរងគ្រោះចោល។

 ពេលជិះម៉ូតូដល់ចំណុចចំការល្ហុងឃុំតាអងស្រុកកូនមុំ ដោយនឹកឃើញខ្លាចគេសង្ស័យក៏បបួលគ្នាត្រឡប់មកផ្ទះវិញ ។

ពេលមកវិញដល់ស្ពានអូកាន បានឈប់ចុះរួចដកយកលុយចំនួន បីដុំ ហើយដើរចូលទៅផ្ទះ និងយកលុយពីរដុំរុំក្នុងអាវទៅលាក់ទុកនៅគល់ឈើមុខផ្ទះ និងមួយដុំទៀតដាក់ក្នុងហោប៉ៅខោ រួចដើរចូលទៅដេកតែម្តង។

ឈ្មោះ កញ្ញា ក្រោយពេលដាក់ទម្លាក់ ឈ្មោះ ឆានុន និងប្អូនចុះហើយក៏បានជិះម៉ូតូទៅផ្ទះដោយយកលុយមួយចំនួនធំ និងគ្រឿងអលង្ការមួយចំនួនទៅជាមួយផង។

ក្រោយឃាត់ខ្លួនជនសង្ស័យបានដកហូតវត្ថុតាងដូចមានខាងក្រោម÷

ទី១.លុយរៀលខ្មែរចំនួន៣៨.៨០០.០០០រៀល។

ទី២.ខ្សែដៃលោហៈធាតុពណ៌ទង់ដែងចំនួន០១ខ្សែ។

ទី៣.ខ្សែកលោហៈធាតុពណ៌ទង់ដែងចំនួន០១ខ្សែ។

ទី៤.ចិញ្ជៀនលោហៈធាតុពណ៌ទង់ដែងចំនួន០១វង់ដាំត្បូង។

ទី៥.ទូរស័ព្ទចំនួន០១គ្រឿង។

ទី៦.ផៅវើប៊ែងចំនួន០១។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានដកហូត រក្សាទុក និងប្រគល់ឲ្យការិយាល័យកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីបន្តនីតិវិធីច្បាប់ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖