ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិអាចចាត់ទុកបានថាជាជោគជ័យរួមគ្នា ឬជាសមិទ្ធផលរួមគ្នារបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងអនុវត្តន៍ការងារតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការធ្វើការរួមគ្នាប្រកបដោយជោគជ័យនេះក៏បានហុចផលដល់វិស័យឯកជន និងទទួលបានផលប្រយោជន៍ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិមានដូចជា ចំណេញពេល កាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួងស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤។
ប្រព័ន្ធបញ្ជរតែមួយជាតិ (CNSW) ត្រូវបានធ្វើឡើងតាមរយៈការប្រតិបត្តិការសេវាអេឡិចត្រូនិក តាមអ៊ីនធឺណិត ដើម្បីសម្រួលឱ្យកាន់តែលឿន និងនីតិវិធីពាណិជ្ជកម្មអន្តរជាតិប្រកបដោយតម្លាភាព កាត់បន្ថយការចំណាយ និងផ្តល់នូវភាពស៊ីសង្វាក់គ្នា ប្រាកដប្រជាដល់ដំណើរការសរុបចាប់ពីការចាប់ផ្តើមនៃតម្រូវការបទប្បញ្ញត្តិរហូតដល់ការបិទបញ្ចប់។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងពិធីប្រកាសដាក់អនុវត្តន៍នៅព្រឹកនេះថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញបនបត្រ និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញ ទៅគ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នាដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។ ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-cus tom s, ASYCUDA, Pre-Arrival Manifest System ជាដើម។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថានេះជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែង ធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេចថា៖ «ប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរៈកិច្ចដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើងកាន់តែមានប្រសិទ្ធិភាព និងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលផ្សេងទៀតក្នុងតំបន់ និងសាកលលោក»។គួរឱ្យដឹងដែរថាប្រព័ន្ធបញ្ជរតែមួយជាតិនេះត្រូវបានបង្កើតឡើងតាមរយៈការបង្កើតគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិឡើងនាខែមីនា ឆ្នាំ២០១៥ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចចែកចេញជា៣ដំណាក់កាលចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៤ ដែលចាយលុយអស់ប្រមាណ ៣,៤លានដុល្លារអាមេរិក៕
ដោយ ៖ សិលា