ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋប្រមាណ៩០០០នាក់ បានទទួលសេវាបង្ការជំងឺឆ្កែឆ្កួតពីមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ នេះបើតាមការឱ្យដឹងពី លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ម្សិលមុិញ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម, លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម, លោកសាស្រ្តាចារ្យ អេនដ្រេ ស្ពីហ្គែល Andre SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរជំនាញជុំវិញខេត្ត ប្អូនៗនិស្សិត និងប្រជាពលរដ្ឋចំនួនប្រមាណ ២០០នាក់។
នៅក្នុងពិធីនេះ លោកវេជ្ជបណ្ឌិត ង៉ូវ កាង លើកឡើងថា អគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ទទួលបានការឧបត្ថម្ភគាំទ្រ និងសាងសង់ឡើងដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្នុងនាមតំណាង លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានធ្វើការកោតសរសើរទៅដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរគុណទៅដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលក្នុងការផ្ដល់សេវាសុខាភិបាល ជាពិសេសគឺការផ្ដល់សេវាថ្នាំបង្ការការពារសុខភាពជូនប្រជាពលរដ្ឋកម្ពុជាជាច្រើនឆ្នាំកន្លងមកហើយ។
លោករដ្ឋលេខាធិការ បន្ដថា ជាក់ស្តែងនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានមកផ្ដល់សេវាបង្ការជំងឺឆ្កែឆ្កួតនេះចាប់តាំងពីឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន ដែលជាមធ្យមក្នុង១ឆ្នាំអ្នកដែលមកទទួលសេវានៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត មានប្រមាណ ៩០០០នាក់ជារៀងរាល់ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានផ្ដល់ការអប់រំណែនាំសុខភាពជូនទៅដល់អ្នកចូលរួមនៅក្នុងពិធីក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យថែទាំសុខភាព ឱ្យបានល្អជាពិសេសនៅក្នុងករណីដែលមានសត្វខាំត្រូវប្រញាប់មកទទួលប្រឹក្សាយោបល់ពីគ្រូពេទ្យជំនាញផ្ដល់ថ្នាំបង្ការការពារជំងឺឆ្កែឆ្កួតនេះឱ្យបានទាន់ពេលវេលានិងឆាប់រហ័ស។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានស្នើដល់លោកនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឱ្យពិចារណាក្នុងការបន្ថែមសេវាផ្ដល់ថ្នាំបង្ការផ្សេងៗទៀតនៅក្នុងមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ដែលស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនេះ ដើម្បីជាការសម្រួលទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ក៏ដូចជាខេត្តជុំវិញនេះមកទទួលសេវាថ្នាំបង្ការចាំបាច់ផ្សេងៗទៀត៕
ដោយ ៖ សិលា