ការលាក់គ្រឿងញៀននៅក្នុងខោ ក្លាយជារឿងធម្មតារបស់ក្រុមល្មើសច្បាប់រត់ពន្ធគ្រឿងញៀន ដោយកម្លាំងប៉ូលិសចាប់បានជាញឹកញាប់។ ប៉ុន្តែករណីលាក់ពស់នៅក្នុងខោគឺជារឿងដ៏កម្រ។ មនុស្សជាច្រើនស្រមៃដល់ការសម្តែងរឿងពេលនៅលើយន្តហោះ ធ្វើឱ្យអ្នកដំណើរភ័យខ្លាចប៉ុនណា អាចបង្កឱ្យមានភាពចលាចលឈានដល់គ្រោះថ្នាក់ជាយថាហេតុ។
ពេលនេះ សត្វពស់តូចៗពីរក្បាល ពណ៌ផ្កាឈូក ស្ទើរតែមានឱកាសធ្វើដំណើរលើមេឃតាមជើងហោះហើរពីទីក្រុង Miami កាលពីសប្តាហ៍មុន ប្រសិនបើមន្ត្រីសន្តិសុខមិនតាមទាន់។ រូបថតដែលបានបង្ហោះលើបណ្តាញសង្គម បង្ហាញពីពស់តូចពីរក្បាលនៅក្នុងកាបូបដែលទំនងដូចជាស្រោមវ៉ែនតា។
នាយកដ្ឋានសន្តិសុខចរាចរណ៍ TSA បាននិយាយថា កម្លាំងបានទាក់ទងប៉ូលិស Miami ដើម្បីទទួលបានជំនួយ ហើយបានប្រគល់ពស់ទៅនាយកដ្ឋានត្រីនិងសត្វព្រៃ Florida ។ មកទល់ពេលនេះមិនដឹងថា អ្នកដំណើរនិងសត្វពស់នោះទៅជាយ៉ាងណានោះឡើយ។
កន្លងមក អ្នកដំណើរប្រុសម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Miami សហរដ្ឋអាមេរិក បន្ទាប់ពីគេប្រទះឃើញពស់៧ក្បាលចូលយន្តហោះដោយលាក់ពួកវាទាំងអស់នៅក្នុងខោរបស់គាត់។
យោងតាមរដ្ឋបាលសន្តិសុខដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ម៉ាស៊ីនស្កេនសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិម៉ៃអាមី សហរដ្ឋអាមេរិកបានរកឃើញពស់សរុបចំនួន 7 ក្បាលនៅក្នុងខោរបស់អ្នកដំណើរបុរសនៅពេលត្រួតពិនិត្យគាត់កាលពីថ្ងៃទី 25 ខែសីហា ឆ្នាំ២០២៣។
លោក Jon Allen អ្នកនាំពាក្យនាយកដ្ឋានសន្តិសុខសាធារណៈបាននិយាយថា “បន្ថែមពីលើការចោទប្រកាន់ថានាំពស់ឡើងលើយន្តហោះ អ្នកដំណើរប្រុសម្នាក់នេះក៏ត្រូវបានចោទប្រកាន់ថាបាននាំយកអណ្តើកចំនួន 3 ក្បាលរុំក្នុងថង់នីឡុង ហើយថែមទាំងលាក់នៅក្នុងខោរបស់គាត់ផងដែរ ដើម្បីជៀសវាងការរកឃើញ” ។ ប៉ុន្តែមិនអាចឆ្លងផុតពីការត្រួតពិនិត្យសន្តិសុខនោះឡើយ៕
ដោយ៖ ធីរីណា(រូបថត៖ TSA/X)