ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា មន្ត្រីក្រសួងព័ត៌មានជាង១ពាន់នាក់ដែលធ្វើតេស្តរកសារធាតុញៀនគឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ។
លោករដ្ឋមន្ត្រីបានឱ្យដឹងនៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៤យ៉ាងដូច្នេះថា សូមអបអរសាទរយើងទាំងអស់គ្នា! ក្នុងចំណោមថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងព័ត៌មានចំនួន១.៧៣១រូបដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុ ញៀនក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននិងគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌដោយសារតែមានសារធាតុញៀននិងពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា “ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលបានចូលរួមសហការបំពេញកាតព្វកិច្ចនេះប្រកបដោយជោគជ័យ”។
ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រីក៏បានអរគុណដល់ក្រុមការងារលេខាធិការដ្ឋានដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចការនេះដោយរលូននិងជោគជ័យដ៏ត្រចះត្រចង់៕
ដោយ៖ សូរិយា