ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវដែកត្រូវរថភ្លើងបើកបុករបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាកម្មករកាប់ជ្រូកម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឆ្លងកាត់ផ្លូវដែកមិនប្រុងប្រយ័ត្នត្រូវបានរថភ្លើងមួយខ្សែដឹកអ្នកដំណើរបើកបុក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវដែកក្នុងភូមិប៉ប្រ៉ងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ជាមួយភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ស្នាក់នៅទីសត្តឃាតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តសៀមរាប។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកសុីរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងបំណង់ទៅផ្សារពោធិ៍ចិនតុង ដោយធ្វើដំណើរតាមផ្លូវក្នុងភូមិពីជើងទៅត្បូង ឆ្លងកាត់ផ្លូវរថភ្លើង មិនប្រយ័ត្ន ស្របពេលដែលរថភ្លើងមួយខ្សែដឹកអ្នកដំណើរបើកពីកើតទៅលិចបុកប្លោងខ្ទាតជិត១០ម៉ែត្រ រងរបួសធ្ងន់ បែកក្បាល បាក់ជើងឆ្វេង រថភ្លើងឈប់ បុគ្គលិកចុះមើលមួយសន្ទុះក៏បន្តបើកចាកចេញទៅបាត់ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ពេលដែលរថភ្លើងបើកមក សុីផ្លេហើយសុីផ្លេទៀត ជនរងគ្រោះនៅតែហ៊ានជិះម៉ូតូឆ្លងពីទឹកដីខណ្ឌសែនសុខចូលទឹកដីខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យបុករងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរងខូចខាតមួយកំណាត់ក្រោយ ត្រូវបានក្រុមកម្មករកាប់ជ្រូកដូចគ្នាយកទៅរក្សាទុក៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖