ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធានានូវសុខសន្តិភាព ជាកត្តាចាំបាច់បំផុតមិនអាចខ្វះបានដើម្បីកំណើនសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល៨ខែកន្លងមកនេះ ធានាបាននូវសុខសន្តិភាព ដែលជាកត្តាសំខាន់ចាំបាច់បំផុតដើម្បីធានាកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តបេ្តជ្ញាចិត្តក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងដាក់ចេញនូវទិសដៅជាអាទិភាពគន្លឹះជាច្រើនថែមទៀតដូចមានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានអះអាងថា ក្នុងរយៈពេលប្រាំបីខែក្រោយរាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧ក្នុងរដ្ឋសភា គឺសម្តេចបានដើរអញ្ជើញ អ្នកវិនិយោគបរទេស(ដើរទាក់ម៉ូយ)ឲ្យគេមក ធ្វើការវិនិយោគនៅកម្ពុជា ជាច្រើនប្រទេស ទាំងតំបន់អឺរ៉ុប អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ហើយសប្តាហ៍ក្រោយន និងខែក្រោយនេះ សម្តេចនឹងទៅកូរ៉េ និងសិង្ហបុរីដើម្បី បន្តដើរទាក់ម៉ូយវិនិយោគិនបរទេសបន្ថែមទៀត ដើម្បីឲ្យពួកគេមានទំនុកចិត្តនិងមកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតនោះ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងបន្ថែមទៀតថា ការដើរគោះទ្វាគេដល់ផ្ទះ និងដើរទាក់ ម៉ូយដល់អ្នកវិនិយោគិនបរទេសនាពេលកន្លងមក និងទាំងអនាគតនេះគឺជាទិសដៅដ៏សំខាន់ និងមុតស្រួច បំផុត ដែលជាការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧នេះ ដើម្បីលើកស្ទួយពាណិជ្ជ កម្មរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ទាំងមូលនោះ៕

ដោយ ៖ សិលា


ចែករំលែក៖