ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតថ្វាយព្រះពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុតនៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ ព្រមទាំងភរិយា ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ ប្រការ ប្រកបដោយកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌និងមនុស្សធម៌របស់ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិនិងប្រជារាស្ត្រក្នុងម្លប់សន្តិភាព ក៏ដូចជាព្រះរាជកិច្ចដ៏ ឧត្តុង្គឧត្តមនៃកិច្ចការបរទេសរបស់ព្រះអង្គ ដើម្បីបុព្វហេតុលើកកម្ពស់កិត្យានុភាពជាតិ និងជំរុញការអភិវឌ្ឍ វិស័យអប់រំសិក្សាធិការ សិល្បៈ វប្បធម៌ និងសាសនា ជាពិសេស ព្រះអង្គទ្រង់តែងសព្វព្រះរាជហឫទ័យប្រោសប្រទាន ព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ក្នុងការរួមចំណែកលើកកម្ពស់វិស័យមនុស្សធម៌ សង្គមកិច្ច សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាពិសេស ចូលរួមចំណែកក្នុងយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លាវិសេសវិសាលបំផុតនៃព្រះរាជពិធី ចម្រើនព្រះជន្មវឌ្ឍនមង្គលនេះផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព្រះនាម មហោទរាទេវី និងបុណ្យបារមីនៃដួង ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស បុណ្យបារមីព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមព្រះអង្គតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យ គ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយ ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះពលានុភាពរឹងមាំខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជាព្រះនិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនាថ្កុំថ្កើងរុងរឿងនៃមាតុភូមិអង្គរជាទីស្នេហា ព្រមទាំងប្រជារាស្ត្ររបស់ព្រះអង្គ និងសូមទ្រង់សមប្រកប ដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំនិងភរិយា ៕

ដោយ ៖ សិលា


ចែករំលែក៖