ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្រ្តី គី តិច បានអញ្ជើញសម្ពោធឆ្លងអនុថិតប្បតិដ្ឋា សិរីរក្ខិតោ មហាប្រាសាទ និងសមិទ្ធិផល នានា ក្នុងវត្តចំបក់បិទមាស ឃុំពត់សរ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃព្រឹក អាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នេះ លោក គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃក្រុមការងារមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី បានអញ្ជើញអធិបតីភាពសម្ពោធឆ្លងអនុថិតប្បតិដ្ឋា សិរីរក្ខិតោ មហាប្រាសាទ និងសមិទ្ធិផល នានា ក្នុងវត្តចំបក់បិទមាស ឃុំពត់សរ។ អង្គពិធីបានអញ្ជើញចូលរួមពីសំណាក់លោក ចេង ប៉េងហាក់ ប្រធានក្រុមការងារឃុំពត់សរ និងលោក លោកស្រី ប្រធានក្រុម អនុប្រធាន ក្រុមការងារទាំង១៥ឃុំ នៃស្រុក ព្រមទាំងលោក ឡោ ជំនិត អភិបាលរងស្រុក តំណាងលោកអភិបាល អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនកុះករ។

ជាមួយគ្នានោះដែរ  លោកទេសរដ្ឋមន្ត្រី ក្នុងនាមប្រធានក្រុមការងារ សូមប្រកាសគាំទ្រយ៉ាងក្លៀវក្លាបំផុត នូវគម្រោងអភិវឌ្ឍន៍ព្រែកជីក ហ្វូណន តេជោ ដែលជាគម្រោងមានសក្តានុពលបំផុត ក្នុងការដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាសមិទ្ធិផល នានា ក្នុងស្រុកបាទី ដូចជាទូទាំងប្រទេស នូវចំពោះព្រះភក្ត្រព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគណៈអធិបតី បងប្អូនប្រជាពលរដ្ឋគ្រប់រូបៗ ដោយសារគុណតម្លៃសន្តិភាព ត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នា “អរគុណសន្តិភាព” យើងទាំងអស់គ្នា ត្រូវបន្តការពារសុខសន្តិភាព ទោះជាក្នុងតម្លៃក៏ដោយ និងប្រឆាំងដាច់ខាត ចំពោះជនណាមួយ មានចេតនាចង់បំផ្លិចបំផ្លាញសន្តិភាព។ សន្តិភាព ជាគ្រឹះក្នុងការអភិវឌ្ឍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញទឡ្ហីករណ៍ ជាក់ស្តែងនូវបេតុងថ្មីៗ បានកើតឡើងបន្តបន្ទាប់គ្នាក្នងស្រុកបាទី ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អតីតប្រធានក្រុមការងារស្រុក និងមូលនិធិឃុំ។ បច្ចុប្បន្ននេះឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណបក្ស បានប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រី ជាប្រធានក្រុមការងារខេត្តតាកែវ និតីកាលរដ្ឋសភា អាណត្តិទី៧។

មហាប្រាសាទអនុថិតប្បតិដ្ឋា សិរីរក្ខិតោ ត្រូវបានសាងសង់នៅវត្តចំបក់បិទមាស ចំណាយបច្ច័យអស់ប្រមាណជាង៣០មុឺនដុល្លារ ផ្តួចផ្តើមគំនិតរបស់ព្រះគ្រូចៅអធិការវត្តព្រះនាម វណ្ណ: សុធីរ ក្នុងគោលបំណងដាក់អដ្ឋិធាតុព្រះសព ព្រះគ្រូចៅអធិការគ្រប់ជំនាន់ និងតម្កល់សៀវភៅ ព្រះត្រៃបិដក ជាដើម។

លោកទេសរដ្ឋមន្ត្រី បានផ្តល់កិត្តិយសបំពាក់មេដាយជូនព្រះថេរានុត្ថេរៈ និងសប្បុរសជន នានា ដែលមានសទ្ធាជ្រះថ្លាក្នុងសាងសង់សមិទ្ធិផល នានា ក្នុងវត្ត ព្រមរូបថតអនុស្សាវរីយ៍ និងព្រមជាមួយរាប់បាត្រព្រះសង្ឃ ជាកិច្ចពហុទេវា ឧទ្ធិសថ្វាយដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះរូប និងញាតិសាលោហិត គ្រប់សន្តាន ដែលបានទទួលអនិច្ចាធម្ម មរណភាព ឆាប់ក្តី យូរក្តី និមន្ត អញ្ជើញ ទទួលមគ្គផល៕

ដោយ ៖ សិលា


ចែករំលែក៖