ព័ត៌មានទាន់ហេតុការណ៍៖

កំពុង​ដឹកឈើខុសច្បាប់​ គ្រាន់តែ​ឃេីញ​សមត្ថកិច្ច​រត់​ចោល​ម៉ូតូ​រ៉ឺម៉ក​ចូលព្រៃបាត់ស្រមោល​ នៅស្រុកជាំក្សាន្ត

ចែករំលែក៖

ខេត្ត​ព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត​ បានជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ ដេីម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ក្រុម​ឈ្មួញ​ខិល​ខូច​មួយចំនួន​បាននាំគ្នា​លួចដឹក​ជញ្ជូន​ខុសច្បាប់​ ក៏ប្រទះឃេីញក្រុមជនសង្ស័យកំពុង​បេីក​ម៉ូតូ​រ៉ឺម៉ក​ដឹកឈើខុសច្បាប់​មួយគ្រឿង​ ភ្លាម​នោះ​ជនសង្ស័យជាអ្នកបេីកបរ គ្រាន់តែ​ឃេីញ​សមត្ថកិច្ច​រត់​ចោល​ម៉ូតូ​ចូលព្រៃគេចខ្លួនបាត់ស្រមោល​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៤។ 

ប្រភពដដែលបន្តថា​ កម្លាំងកងរាជអាវុធហត្ថស្រុក​ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ាមេបញ្ជាការស្រុក​ កាលពីថ្ងៃទី១៤ ខែឧសភាម្សិលមិញនេះ​ នៅចំណុចភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ បានធ្វើការឃាត់ម៉ូតូរ៉ឺម៉កដឹកឈើគ្មានច្បាប់អនុញ្ញាត​ និងបានដកហូតឈើលេខ១សុក្រំចំនួន ២១ដុំស្មើរនឹង០.៥៣៩ម៉ែត្រីគុណ, រ៉ឺម៉កម៉ូតូចំនួន០១គ្រឿង។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ ម្ចាស់ម៉ូតូរត់គេចខ្លួនបាត់​ ក្រោយប្រទះ​ឃេីញ​កម្លាំង​ជំនាញ​ កំពុង​ជិះល្បាត។ បច្ចុប្បន្នវត្ថុតាងបានបញ្ជូនទៅរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តជាអ្នករក្សាទុក​ ដេីម្បី​បន្តនីតិវិធី​ច្បាប់​៕

ដោយ​៖ តារា


ចែករំលែក៖